រថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំ ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់ដែលពិធីបុណ្យចូលឆ្នាំនឹងចូលមកដល់ នៅថ្ងៃទី១៤ មេសា ។
ជាក់ស្តែ្តង នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិៈរថយន្តទៅស្រុកកំណើតតាមខេត្តក្រុង នានានៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ (OCIC) ក្នុងខណ្ឌជ្រោយចង្វា ។
ឯកឧត្តម អភិបាល បានមានប្រសាសន៍ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង ដោយមិនយកប្រាក់ ។ សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន ២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១ ភ្នំពេញ-កណ្តាល ,ភ្នំពេញ-ព្រៃវែង មានរថយន្ត ៥គ្រឿងនៅស្ថានីយ៍ចំណតវាលស្បូវ ។ ភ្នំពេញ-កណ្តាល ,ភ្នំពេញ-ស្វាយរៀង មានរថយន្ត ៥គ្រឿង ចំណតនៅមុខទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ផ្លូវជាតិលេខ២ ភ្នំពេញ-កណ្តាល ,ភ្នំពេញ-តាកែវ រថយន្ត ៥គ្រឿង ទីតាំងចំណតដូចខាងលើ ។ ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ,ភ្នំពេញ-កំពតរថយន្ត ៥គ្រឿង ទីតាំងចំណតនៅដីឡូត៍មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤ ។ ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ ,ភ្នំពេញ-ព្រះសីហនុ រថយន្ត ១០គ្រឿង ទីតាំងចំណតដីឡូត៏មុខគណបក្សរាជធានីភ្នំពេញ ។ គោលដៅផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង ,ភ្នំពេញ-ពោធិសាត់ ,ភ្នំពេញ-បាត់ដំបង,ភ្នំពេញ-បន្ទាយមានជ័យ ,ភ្នំពេញ-កំពង់ធំរថយន្តសរុប ១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយ៏ចំណតសួនច្បារឬស្សីកែវ។ ផ្លូវជាតិលេខ៦.ភ្នំពេញ-សៀមរាប ចំនួន ១០០គ្រឿង នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ។ ផ្លូវជាតិលេខ៦.លេខ៧ ភ្នំពេញ-កំពង់ចាម,ភ្នំពេញ-ត្បូងឃ្មុំ រថយន្ត ១០គ្រឿង ។
ឯកឧត្តមបន្តថា ការជ្រើសរើស យកទីតាំងនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ចំនួន ១០០គ្រឿង .ភ្នំពេញ-សៀមរាបនេះ ដោយសារតម្រូវការប្រជាពលរដ្ឋច្រើនជាងគេ ដោយសារថា នៅសៀមរាបមានរៀបចំសង្ក្រាន ។
ឯកឧត្តម បញ្ជាក់ទៀតថា កំណើនពលរដ្ឋជិះឡានក្រុង ទៅលេងស្រុកកំណើតពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់ ទាំងនេះដោយសារប្រទេសមានសន្តិភាពពេញលេញ និងការយកចិត្តទុកដាក់ របស់ សម្តេចតេជោ ហ៊ុន សែន ។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន,និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃ សេវាដឹកជញ្ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូច រដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង ៕ ដោយ៖ ថេត វិចិត្រ + ហេង សម្បត្តិ