ប.ស.ស អំពាវនាវដល់កម្មករ កម្មការិនី អនុវត្តវិធានការសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បានធ្វើការអំពាវនាវដល់កម្មករ កម្មការិនី ប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុវត្ថិភាព ក្នុងការចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ការលើកឡើងនេះតាមរយៈសេចក្តីអំពាវនាវស្ដីពីការបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មានកម្មករនិយោជិតផងដែរ តែងតែធ្វើដំណើរ ទៅនឹងមកស្រុកកំណើត ឬធ្វើដំណើរកម្សាន្តពីទីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាហេតុធ្វើឲ្យចរាចរណ៍មានភាពមមាញឹកខ្លាំង ទន្ទឹមនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ក៏កើតមានច្រើនផងដែរ។
ដោយមូលហេតុនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត ត្រូវជ្រើសរើសរថយន្តណាដែលមាន សុវត្ថិភាព ចំពោះកម្មករនិយោជិតដែលធ្វើដំណើរតាមម៉ូតូ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្ត វិធានការសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ប.ស.ស បានបញ្ជាក់ថា ៖ «បងប្អូនកម្មករទាំងអស់ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ូតូមុនពេលបើកបរ ជាពិសេសកង់ ចង្កូត ហ្វាំង និងភ្លើងបំភ្លឺ និងត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ»។
ប្រភពដដែលបានបន្តថា ត្រូវបើកបរតាមចំណែកពាក់កណ្តាលទ្រូងផ្លូវខាងស្ដាំកៀកនឹងចិញ្ចើមផ្លូវ ឬជាយផ្លូវ, មិនត្រូវបើកបរលើសល្បឿនកំណត់ និងត្រូវបន្ថយល្បឿន ជាពិសេសនៅជិតផ្លូវកោង ផ្លូវបត់ និងផ្លូវបំបែក និង មិនត្រូវជែង (វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់។
ជាមួយគ្នានេះដែរ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត ក៏បានណែនាំមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន មិនត្រូវបើកបរនៅពេលងងុយដេក និង មិនត្រូវខឹងឆេវឆាវ គឺត្រូវចេះអត់ធ្មត់ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍នេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ការកើនឡើងនៃការធ្វើដំណើរនេះបានធ្វើឱ្យមានបញ្ហាប្រឈមដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែកើតមានឡើងជារៀងរាល់ថ្ងៃកំណើនខ្ពស់ ពិសេសក្នុងពេលមានពិធីបុណ្យទានម្តងៗ។
សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា ៖ «បុណ្យចូលឆ្នាំថ្មី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខាងមុខនេះ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង តែត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ពិសេសត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត»។
យោងតាមរបាយការណ៍របស់នាយកដ្ឋាន-នគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាន-នគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេលបួនថ្ងៃ ពីថ្ងៃទី ១៤-១៧ មេសា ឆ្នាំ២០២២កន្លងមក មនុស្សចំនួន ៣០ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា៕ ដោយ៖នាង សុគន្ធា