ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្តេជ្ញាគាំទ្រ និងលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា

អត្ថបទដោយ៖
CPA

​ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ​បានបង្ហាញការគាំទ្រលើ​សិទ្ធិស្ដ្រី និ​ងកុមារី ខណៈ​ស្ថានទូត​​ក៏ប្ដេជ្ញាចិត្តខ្ពស់នៅ​ក្នុងការលើកកម្ពស់សមភាពយេនឌ័រ​នៅកម្ពុជាផងដែរ។ការលើកឡើងបែបនេះ ត្រូវបានបង្ហាញ​ឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាងឯកអគ្គរាជទូតនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនីក វិលលៀ​មស៍ជាមួយនឹងរដ្ឋមន្ត្រីក្រសួងកិច្ចកា​រនារីលោកជំទាវ អ៊ឹង កន្ថាផាវី កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២​៣ នាក្រសួងកិច្ចការនារី។​

យោង​តាមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី​១២ ខែមេសា ​បានឱ្យដឹងថា​ ​ចក្រភពអង់គ្លេសគាំទ្រសិទ្ធិស្ដ្រី និងកុមារី និងមានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការលើកកម្ពស់ស​មភា​ពយែនឌ័រ។

ស្ថានទូតបានបន្តថា កាលពីពេលថ្មីៗនេះ Foreign, Commonwealth and Development Office ​នៃចក្រភពអង់គ្លេស បា​ដាក់ចេញនូវផែនការយុទ្ធសាស្ត្រអន្តរជាតិនៃចក្រភ​ពអង់គ្លេសដំបូងគេស្ដីពីស្រ្ដី និងកុមារី សម្រាប់ឆ្នាំ២០២៣-២០៣០ ដើម្បីសម្រេចនូវទស្សនៈវិស័យ និងការប្ដេជ្ញាចិត្តខាងលើនេះ។

​សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនេះ​ផ្តោតសំខាន់ទៅលើគម្រោងសំខាន់ចំនួនបី រួមមាន​ ការអប់រំក្មេងស្រី,​ ការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ក្នុងការលើកកម្ពស់សុខភាព និងសិទ្ធិ និង​ការបញ្ឈប់អំពើហឹង្សាលើយេនឌ័រ។​​

ទាក់ទងនឹងជំនួបនេះដែរ ​លោក ដូមីនីក វិលលៀមស៍ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក​របស់​លោ​កនៅថ្ងៃទី​១២ ខែមេសា ថា ៖ «ស្ត្រីសម្រេចបាននូវវឌ្ឍនភាពជាច្រើនលើសមភាពយេនឌ័រ ប៉ុន្តែខ្ញុំមិនស​ប្បា​​យចិត្តទេដែលនៅទូទាំងពិភពលោក ស្ត្រី និងក្មេងស្រីប្រឈមមុខនឹងឧបសគ្គដែលបុរស និងក្មេងប្រុសមិនមាន»។ លោកបានបន្តថា ៖ «ខ្ញុំចង់ធ្វើការជាដៃគូជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងសិទ្ធិស្ត្រីនៅកម្ពុជា»។​

បើតាម​ក្រសួង​កិច្ចការនារី ​លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏​បានឱ្យដឹង​ដែរ​ថា ក្រសួង និង​ស្ថានទូតអង់គ្លេស បានពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ខណៈលោកស្រីក៏បានស្វាគមន៍រាជរដ្ឋាភិបាលអង់គ្លេសដែលបានតែងតាំងលោកដូមីនីក វិលលៀមស៍ ជាឯកអគ្គរាជទូតប្រចាំកម្ពុជា។​

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ក៏បានចែករំលែកនូវវឌ្ឍនភាពការងារសំខាន់ៗដែលក្រសួងកិច្ចការនារីសម្រេចបានកន្លងមកក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ស្របទៅតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ របស់ក្រសួងកិច្ចការនារី ទៅលើវិស័យសំខាន់ៗចំនួន៦។​

​​ផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ របស់កម្ពុជា បានផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួន៦នោះ រួមមាន ​ការលើកកម្ពស់ការអប់រំសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសការអប់រំស្ទីម (STEAM Education), ​ការគិតគូរពីសុខភាពដល់ស្ត្រី និងក្មេងស្រី,​ កិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី និងក្មេងស្រី,​ ការលើកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងក្នុងវិស័យឯកជន, ​ស្ត្រី និងបម្រែបម្រួលអាកាសធាតុ​ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។​

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះដែរ លោកឯកអគ្គរាជទូតអង់គ្លេស ក៏បានសម្តែងនូវការសាទរដល់ក្រសួងកិច្ចការនារី ក្នុងការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរលើការអនុវត្តការងារកន្លងមកលើការលើកកម្ពស់សមភាពយេនឌ័រ។

ក្រៅពីនេះ ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាទៅលើការពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូទៅលើគម្រោងនានាក្នុងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីលើវិស័យអប់រំ, ស្ត្រីក្នុងភាពជាអ្នកដឹកនាំ, និងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីថែមទៀត៕

ដោយ៖សែម ពិសី  

ads banner