ពិព័រណ៍អាវុធអាមេរិកឡាទីនដ៏ធំបំផុតបើកដំណើរការនៅប្រទេសប្រេស៊ីល
ប្រាស៊ីលីយ៉ា៖ ព្រឹត្តិការណ៍ The Latin American Aero & Defense ដែលហៅកាត់ថា (LAAD) ដែលជាពិព័រណ៍អាវុធពាណិជ្ជកម្មដ៏ធំបំផុតនៅអាមេរិកឡាទីន បានបើកដំណើរការនៅទីក្រុង Rio de Janeiro ដើម្បីប្រមូលផ្តុំក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងកម្លាំងពិសេស និងទីភ្នាក់ងាររដ្ឋាភិបាលការពារជាតិ និងសន្តិសុខ។
អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ មួយចំនួនបានធ្វើការត្អូញត្អែរ អំពីការរឹតត្បិតថ្មីលើការប្រើប្រាស់អាវុធ ដែលអនុវត្តដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា ដោយបានកែប្រែច្បាប់ប្រើប្រាស់កាំភ្លើងដែលធូររលុងពីមុន ដែលណែនាំដោយអតីតប្រធានាធិបតីប្រេស៊ីល លោក ច៊ែរ បូលសូណារ៉ូ។
អ្នកតាំងពិព័រណ៍បានបង្ហាញឧបករណ៍ សេវាកម្ម និងបច្ចេកវិទ្យាមកពី ២០វិស័យនៅទូទាំងឧស្សាហកម្មការពារជាតិ និងសន្តិសុខ។ រថពាសដែក Iveco Defense Vehicle Centauro II របស់អ៊ីតាលី រួមជាមួយនឹងឧទ្ធម្ភាគចក្រ, រថក្រោះប្រយុទ្ធ VT4, រថពាសដែក VN1 Wheeled និងរថក្រោះ Centauro II ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌នេះ។
ចំណែកប្រព័ន្ធអាវុធបញ្ជាពីចម្ងាយ (Remax) ជាមួយនឹងឧបករណ៍ត្រួតពិនិត្យកម្រិតខ្ពស់ និងអាវុធដទៃទៀត រួមទាំងកាំភ្លើង កាំភ្លើងយន្ត និងកាំភ្លើងខ្លីក៏ត្រូវបានដាក់បង្ហាញដល់អ្នកចូលទស្សនាផងដែរ ខណៈក្រុមហ៊ុនប្រហែល ៣០០ មកពី ៤០ប្រទេសបានចូលរួមក្នុងការតាំងពិព័រណ៍អាវុធពាណិជ្ជកម្មដ៏ធំបំផុតនៅអាមេរិកឡាទីននាឆ្នាំនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា