ម៉ាយក្រូសូហ្វ និងអង្គការឃ្លាំមើល៖ ស៉្ពាយវែរ របស់អ៊ីស្រាអែលធ្លាប់ហ៊ែកចូលអង្គការស្ថាប័នក្នុងប្រទេសចំនួន ១០
អន្តរជាតិ៖ របាយការណ៍ថ្មី២ផ្សេងគ្នារបស់ក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យា ម៉ាយក្រូសូហ្វ (Microsoft Corp) និងអង្គការឃ្លាំមើលតាមអ៊ិនធឺណិត Citizen Lab បានបង្ហាញថា ស៉្ពាយវែរ (Spyware) របស់ក្រុមហ៊ុនអ៊ីស្រាអែល ត្រូវបានគេប្រើដើម្បីយកទៅលួចទិន្នន័យ (ហ៊ែក) របស់អ្នកកាសែត សកម្មជនបក្សប្រឆាំង និងអង្គការតស៊ូមតិនៅទូទាំងប្រទេសយ៉ាងហោចណាស់ចំនួន ១០ រួមទាំងនៅអាមេរិកខាងជើង និងអឺរ៉ុប។
អង្គការ Citizen Lab បាននិយាយក្នុងរបាយការណ៍របស់ខ្លួនថា ខ្លួនអាចកំណត់អត្តសញ្ញាណសង្គមស៊ីវិលដែលជាជនរងគ្រោះដោយសារគេហ៊ែកចូលប្រើទិន្នន័យពីទូរស័ព្ទម៉ាក iPhone របស់ពួកគេ តាមរយៈកម្មវិធីឃ្លាំមើលរបស់ក្រុមហ៊ុនអ៊ីស្រាអែល QuaDream Ltd ដែលជាគូប្រកួតប្រជែងនឹងក្រុមហ៊ុនស្ព៉ាយវែររបស់អ៊ីស្រាអែលមួយទៀត គឺក្រុមហ៊ុន NSO Group ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថា ស្ព៉ាយវែរគឺជាកម្មវិធីស៊ុសវែរ ដែលអាចប្រមូលយកព័ត៌មាន ឬសកម្មភាពអនឡាញពីនរណាម្នាក់ ឬពីអង្គភាពណាមួយដោយមិនឱ្យពួកគេដឹងខ្លួនឡើយ ហើយក៏អាចបញ្ជូនព័ត៌មានទាំងនោះទៅកាន់ភាគីដទៃផ្សេងទៀត។
ក្នុងរបាយការណ៍ដែលចេញផ្សាយក្នុងពេលជាមួយគ្នាដែរ ក្រុមហ៊ុនម៉ាយក្រូសូហ្វ បានអះអាងថា ខ្លួនជឿជាក់ថា ស្ព៉ាយវែរដែលហ៊ែកចូលមើលព័ត៌មានរបស់អ្នករងគ្រោះ មានការជាប់ទាក់ទងគ្នាខ្លាំងទៅនឹងក្រុមហ៊ុនអ៊ីស្រាអែល QuaDream។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទីប្រឹក្សារងរបស់មីក្រូសូប លោកស្រី Amy Hogan-Burney បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ែកឃឺរស៊ីឈ្នួលដូចជាក្រុមហ៊ុន QuaDream រីកចម្រើនក្នុងផ្លូវងងឹត ដូច្នេះហើយការផ្សព្វផ្សាយជាសាធារណៈមានសារៈសំខាន់ណាស់ក្នុងការបញ្ឈប់សកម្មភាពរបស់ពួកគេ។
ជុំវិញបញ្ហានេះ តំណាងក្រុមហ៊ុន QuaDream មិនបានចេញមុខប្រតិកម្មយ៉ាងណានោះទេ ខណៈរ៉យទ័រចុះផ្សាយថាខ្លួនព្យាយាមសុំចម្លើយពីក្រុមហ៊ុននាពេលកន្លងមក ប៉ុន្តែនៅតែមិនបានជោគជ័យ។ កាលពីឆ្នាំ ២០២២ រ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន QuaDream បានបង្កើតកម្មវិធីហ៊ែក ដែលស្រដៀងនឹងកម្មវិធីរបស់ក្រុមហ៊ុន NSO ដែរ ដោយគេស្គាល់វាជាទូទៅថា ជាកម្មវិធីហ៊ែកបែប «zero-click» ដែលមិនត្រូវការឱ្យជនរងគ្រោះចុចចូលតំណរភ្ជាប់ ឬដោនឡូតកម្មវិធីដែលមានផ្ទុកមេរោគ ដើម្បីឱ្យពួកឧក្រិដ្ឋជនតាមអ៊ិនធឺណិត ហ៊ែកចូលដើម្បីលួចចកព័ត៌មាន។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរបាយការណ៍ថ្មី អង្គការ Citizen Lab ក៏ដូចជាក្រុមហ៊ុនមីក្រូសូប មិនបានបង្ហាញ ឬកំណត់អត្តសញ្ញាណគោលដៅនៃកម្មវិធីហ៊ែករបស់ក្រុមហ៊ុន QuaDream នោះទេ។ យ៉ាងណាមិញ ការចោទប្រកាន់បែបនេះនៅតែអាចធ្វើឱ្យខូតខាតដល់ក្រុមហ៊ុន។
គួរបញ្ជាក់ថា របាយការណ៍ថ្មីៗដដែល ចេញផ្សាយឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញវិធានការបង្រ្កាបលើឧស្សាហកម្មចារកម្មអន្តរជាតិ។ កាលពីខែមុន សេតវិមានបានប្រកាសពីបញ្ជាប្រតិបត្តិ ដែលមានបំណងទប់ស្កាត់មិនឱ្យទីភ្នាក់ងារផ្សេងៗរបស់អាមេរិកកាទិញកម្មវិធីស៊ុសវែរដែលបម្រើឱ្យការឃ្លាំមើល ប្រសិនបើកម្មវិធីនោះជាមានប្រភពពីរដ្ឋាភិបាលបរទេសដែលធ្វើការគាបសង្កត់លើសំឡេងប្រឆាំង៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ Israeli spyware used to hack across 10 countries, Microsoft and watchdog say https://www.reuters.com/technology/microsoft-watchdog-group-say-israeli-spyware-used-hack-civil-society-2023-04-11/