ចិន​៖ សមយុទ្ធ​យោធា​​ជុំ​វិញ​កោះ​តៃវ៉ាន់​ ជា​ការ​ព្រមាន​ធ្ងន់​ធ្ងរ​

​ប៉េកាំង៖ អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋ​មន្រ្តី​ចិន​ លោកស្រី​​ Zhu Fenglian ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​ ១២​ ខែ​មេសា​ ថា​ ​​សម​យុទ្ធ​ដែន​អាកាស​ និង​សមុទ្រ​ថ្មី​ៗ​របស់​ចិន​​ជុំ​វិញ​កោះ​តៃវ៉ាន់​ គឺ​ជា «ការ​ព្រមាន​ដ៏​ធ្ងន់​ធ្ងរ​» ដោយ​អ្នក​នយោបាយ​ដែល​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​ និង​អ្នក​ដែល​គាំទ្រ​បរទេស​។ ​

ការ​​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​បញ្ចប់​សម​យុទ្ធ​យោធា​របស់​ពេល​៣​ថ្ងៃ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​​ក្នុង​សមយុទ្ធ​នោះ​រួម​មាន​ទាំង​ប្រតិបត្តិការ​​​ «ក្លែង​» វា​យប្រហារ​តៃវ៉ាន់​។ សម​យុទ្ធ​របស់​ចិន​ ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹកនាំ​តៃវ៉ាន់​ លោក​ស្រី​ សៃ​ អ៊ីនវិន​ ជួប​ជាមួយ​ប្រធាន​សភា​អាមេរិក​ លោក​ ខេវ៉ិន​ ម៉េកខាធី​ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ កាល​ពី​សប្ដាហ៍​មុន​។ ​

លោកស្រី​ ​Zhu ​ថ្លែង​យ៉ាង​ដូច្នេះ​​ថា​​៖ ​«​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​(PLA)​បាន​រៀប​ចំ​ និង​អនុវត្ត​វិធានការ​ត ប​ត​ជា​បន្ត​បន្ទាប់​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ​និង​ដែន​ទឹក​ជុំ​វិញ​ ដែល​ជា​ការ​ព្រមាន​យ៉ាង​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​ការ​ឃុប​ឃិត​ និង​ការ​ញុះ​ញង់​របស់​កង​កម្លាំង​ផ្តាច់​ខ្លួន​ឯករាជ្យ​តៃវ៉ាន់ ​និង​កង​កម្លាំង​ខាង​ក្រៅ​»​។ ​

លោក​ស្រី​បន្ត​ថា​៖ «​​​វា​គឺ​​​ជា​​សកម្មភាព​​ចាំ​បាច់​​មួយ​ ​ដើម្បី​​ការពារ​​អធិបតេយ្យ​ភាព​​ជាតិ​ និង​​បូរណ​ភាព​​ទឹក​ដី​​»​​​។​

គួរ​បញ្ជាក់​ថា​ ចិន​ចាត់​ទុក​កោះ​​​​តៃវ៉ាន់​ថា​ជា​ទឹក​ដី​របស់​ខ្លួន​ ហើយ​គំរាម​ថា​​នឹង​ធ្វើ​ការ​វាយ​យក​ដោយ​កម្លាំង​ទ័ព​ប្រសិន​​បើ​ចាំ​បាច់​។ កាល​ពី​ឆ្នាំ​មុន​ ភាព​តាន​តឹង​បាន​កើន​ឡើង​ខ្លាំង​ បន្ទាប់​ពី​ចិន​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​ជុំវិញ​កោះ​តៃវ៉ាន់​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ទៅ​ទីក្រុង​តៃប៉ិ​របស់​អតីត​ប្រធាន​សភា​អាមេរិក​ លោក​ស្រី​ ណាន់ស៊ី​ ប៉េឡូស៊ី​។ ​

​គេ​សង្កេត​ឃើញ​ថា​ សកម្មភាព​យោធា​របស់​ចិន​កាន់​តែ​មាន​ភាព​ញឹក​ញាប់​ទៅ​ៗ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​វោហាសាស្រ្ត​របស់​ចិន​ចំពោះ​កោះ​​ក៏​កាន់​តែ​ក្លៀវ​ក្លា​ឡើង​ៗ​​។ ជម្លោះ​ណា​មួយ​រវាង​ភាគី​ទាំង​២​ អាច​អូស​​សហរដ្ឋ​អាមេរិកចូល​ ក្នុង​នាម​ជា​​សម្ព័ន្ធ​មិត្ត​ក្រៅ​ផ្លូវ​ការ​របស់​តៃវ៉ាន់ ដែល​បដិសេធ​យ៉ាង​ដាច់​អហង្ការ​របស់​ក្រុង​​ប៉េកាំង​។ ​

ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ​ ​លោក​ស្រី​ Zhu ​បាន​លើក​ឡើង​ថា​៖ ​«​កង​កម្លាំង​​ខាង​ក្រៅ​​ កំពុង​​ពង្រឹង​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​របស់​ខ្លួន​​ក្នុង​ការ​​​ទប់​ទល់​ចិន​ ដោយ​យក​តៃវ៉ាន់​​ប្រើ​ជា​​ឧបករណ៍​»​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ https://apnews.com/article/china-taiwan-us-mccarthy-military-exercises-992440661295869bc2b02455093cf4d2

ads banner