ក្រសួងបរិស្ថាន៖ ទាព្រៃស្លាបស ជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក
ភ្នំពេញ៖ក្រសួងបរិស្ថានបញ្ជាក់ថា ទាព្រៃស្លាបស កំពុងមានវត្តមានរស់នៅនិងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ។ សត្វនេះជាប្រភេទសត្វកម្រ និងជិតផុតពូជ នៅលើពិភពលោក។
បើយោងតាមក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែមេសានេះ បានឱ្យដឹងថា ទាព្រៃស្លាប ស (White-winged Duck) មានឈ្មោះវិទ្យាសាស្ត្រ Asarcomis scutulata ជាប្រភេទសត្វកម្រ រងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក។
ប្រភពដដែលបន្តថា ៖ «នៅកម្ពុជាប្រភេទសត្វទាព្រៃស្លាប ស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះពី ២០ទៅ៣០ក្បាល ដែលមានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា ភាគច្រើននៅខេត្តព្រះវិហារ និងភូមិភាគឦសានប្រទេស និងច្រើនរស់នៅតាមដងទន្លេ បឹង អូរ ត្រពាំង ក្នុងព្រៃពាក់កណ្ដាលស្រោង ព្រៃស្រោង និងព្រៃជាំផងដែរ»។
ចំពោះរូបរាងរបស់ទាព្រៃស្លាប ស គឺវាមានមាឌធំ ដងខ្លួនពណ៌ត្នោតចាស់ ក្បាល និងកពណ៌សលាយខ្មៅអុជៗ ចំពុះលឿងជាំ ខណៈដែលពេលវាហើរគម្របស្លាបក្រោម និងខាងលើបង្ហាញ ពណ៌សច្បាស់។ ចំណែកទាព្រៃស្លាប ស ប្រភេទញីភាគច្រើនទំហំរបស់វាតូចជាងប្រភេទឈ្មោល ហើយនិងមានពណ៌ស្រដៀងឈ្មោលដែរ ជួនកាលវារកស៊ីពេលយប់ ដេកលើទ្រនំខ្ពស់ៗ និងធ្វើសំបុកនៅតាមរន្ធឈើក្នុងព្រៃក្បែរស្ទឹង ព្រែក អូរ បឹង ត្រពាំង ហើយតែងតែជម្រុះរោមនៅដើមរដូវប្រាំងជារៀងរាល់ឆ្នាំ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ៖ «ទាព្រៃស្លាប ស នេះមានចំនួនតែប្រមាណ ៨០០ក្បាលប៉ុណ្ណោះ ដែលមានវត្តមាននៅទូទាំងពិភពលោក និងត្រូវបានគេកត់ត្រាមានវត្តមានរស់នៅ និងបន្តពូជ ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ប្រទេសកម្ពុជាយើង»។
ក្រសួងបានបន្ថែមថា វត្តមានសត្វទាព្រៃស្លាប ស នៅកម្ពុជានេះ បានធ្វើឲ្យកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៩ ក្នុងទ្វីបអាស៊ីដែលមានវត្តមានទាព្រៃស្លាប ស រស់នៅ។
បើតាមមជ្ឈមណ្ឌលអង្គរ សមា្រប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា ចំនួនទាព្រៃស្លាប ស នៅក្នុងប្រទេសកម្ពុជា មានចំនួនសេសសល់តិចតួចនៅឡើយ។
មជ្ឈមណ្ឌលអង្គរ សមា្រប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជាក់ថា ៖ «ហេតុនេះ ដើម្បីជួយសង្គ្រោះប្រភេទសត្វនេះ ពីការវិនាសផុតពូជនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានបេសកកម្មជួយសង្គ្រោះ នៅពេលសត្វទាំងនេះមានបញ្ហា និងរួមទាំងកិច្ចការពារសំបុករបស់វា ដែលជារឿងមួយសំខាន់ខ្លាំងណាស់»។
ប្រភពដដែលថា ក្រៅពីនេះ ក៏តម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ពីគ្រប់ភាគីទាំងអស់គ្នាផងដែរ ទើបកិច្ចការពារសត្វប្រភេទនេះឲ្យគង់វង្សយូរអង្វែងទៅថ្ងៃខាងមុខ៕
ដោយ៖ ជា សុខនី