អនុប្រធានទី១នៃអាជ្ញាធរមីន៖ការហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ
ភ្នំពេញ៖វគ្គហ្វឹកហ្វឺនបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៩កងរបស់កងទ័ពជើងគោក ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស សមត្ថភាព ចំណេះដឹង និងសុវត្ថិភាពខ្ពស់ ក្នុងការអនុវត្តន៏កិច្ចការបោសសម្អាតគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ។
នេះជាការថ្លែងឡើងរបស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាពិធីបិទវគ្គហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩កង របស់កងទ័ពជើងគោក នាខេត្តបាត់ដំបង។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់យោធភូមិភាគទី៥ បានលើកឡើងថា ពិធីបិទវគ្គហ្វឹកហ្វឺននេះបានប្រារព្ធធ្វើនៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ ដោយមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង យោធភូមិភាគទី៥ នាយកសាលាពលទាហានទី៥ ដែលមានសិក្ខាកាម ចំនួន ៦០២នាក់ បានសិក្សារយៈពេលចំនួន ៥២ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
ប្រភពដដែលបានលើកឡើងផងដែរថា ឯកឧត្តម លី ធុជ បានចាត់ទុកថា វគ្គហ្វឹកហ្វឺនបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ១៩ កង របស់កងទ័ពជើងគោក ពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញពិតប្រាកដមែន។
លោកមានប្រសាស៍ថា ៖ «ការពង្រឹងរចនាសម្ព័ន្ធការងារហ្វឹកហ្វឺន ឲ្យដល់យោធិនក្នុងដំណើរការជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ដើម្បីឲ្យមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងសុវត្ថភាពខ្ពស់ ក្នុងការអនុវត្តន៍កិច្ចការបោសសម្អាតគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ»។
ជំនាញបោសសម្អាតគ្រាប់មីននេះ ក៏ធ្វើឱ្យយោធិនបានយល់ដឹងពីការប្រើប្រាស់ឧបករណ៍ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ យល់ដឹងពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុក ពីសម័យសង្គ្រាម ពិសេសនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ នេះបើតាមការបន្ថែមពីឯកឧត្តម លី ធុជ បញ្ជាក់បន្ថែម។
នាឱកាសនោះដែរឯកឧត្តម លី ធុជ ក៏បានផ្តាំផ្ញើដល់នាយ ពលទាហាន សិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមអង្គភាពខ្លួនឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕
ដោយ៖នាង សុគន្ធា