ដើមកញ្ឆាជាងមួយម៉ឺនដើម វត្ថុតាងមួយចំនួន រួមនឹងជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ច ខេត្តមណ្ឌលគិរី កម្ទេចចោល និងចាប់ឃាត់ខ្លួន
មណ្ឌលគិរី: កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការស្រុកពេជ្រាដា ខេត្ត មណ្ឌ ល គិរី បាន ចុះ បង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង ដោយបានកម្ទេចចោល ដើមកញ្ឆាចំនួន ជាងមួយម៉ឺនដើម និងបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមចំនួនពីរនាក់។

ប្រតិបត្តិការនេះបានធ្វើឡើង នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ។
យោងតាម របាយការណ៍ របស់ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បាន ឱ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ បានចំនួនពីរនាក់ ជាជនជាតិវៀតណាម បានជួលដីខ្មែរដាំកញ្ឆា នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ។

របាយការណ៍ដដែល បានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀន វ៉ាន់ហ្វាង អាយុ៣២ឆ្នាំ និងឈ្មោះ ហ្វាម វ៉ាន់ថាយ អាយុ ២៧ឆ្នាំ ។
ជាមួយនឹងការ ឃាត់ខ្លួននោះ កងកម្លាំង មានសមត្ថកិច្ច បាន ចាប់យកបានវត្ថុតាងមួយចំនួន រួមមាន៖ កញ្ឆាស្ងួតចំនួន ០២កញ្ចប់, ជីគីមីចំនួន ៣០ ការុង , ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង, កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ, ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន ៣គ្រឿង, ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន ០៣ គ្រឿង, ថង់វេចខ្ចប់កញ្ឆា ចំនួន ៤៣៨ ថង់, ជីម្សៅបំប៉នកញ្ឆា ចំនួន ៨កញ្ចប់, ថ្នាំជ្រលក់កញ្ឆា ចំនួន ១២កំប៉ុង រួមនឹង វត្ថុជាមួយចំនួនទៀត។
ក្នុង ពេលចុះបង្រ្កាបនោះដែរ សមត្ថកិច្ច ក៏ បាន កាប់ដើមកញ្ឆាស្រស់ នឹងដុតកម្ទេចចោលចំនួន ១ ០ ៦៧ ១ ដើម ដែលមានទម្ងន់ ១២០៥គីឡូក្រាមផងដែរ ហើយបច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕



ដោយ:នាង សុគន្ធា