អឺរ៉ុប​​ព្រមាន​ប្រឆាំង​នឹង​ចំណាត់​ការ​ឯកតោ​ភាគី​ បន្ទាប់​ពី​ប៉ូឡូញ ​ហុងគ្រី​ បិទ​ការ​នាំ​ចូល​គ្រាប់​​ធញ្ញជាតិ​ពី​អ៊ុយក្រែន​

អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យថា​ សកម្មភាព​​​​ឯកតោ​ភាគី​លើ​ពាណិជ្ជកម្ម​​របស់​រដ្ឋ​ជា​សមាជិក​គឺ​​​​​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ បន្ទាប់​​​ពី​​​ប៉ូឡូញ​ និង​ហុងគ្រី​​បាន​ប្រកាស​ពី​ការ​បិទ​ការ​នាំ​ចូល​​​ចូល​គ្រាប់​ធញ្ញជាតិ​និង​ផលិត​ផល​ស្បៀង​​អាហារ​ផ្សេង​ទៀត​ពី​អ៊ុយក្រែន​ ដើម្បី​ការពារ​វិស័យ​កសិកម្ម​ក្នុង​ស្រុក​របស់​ខ្លួន​។

អ្នក​នាំ​ពាក្យ​របស់​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​​ ​យើង​ដឹង​ពី​សេចក្តី​ប្រកាស​របស់​ប៉ូឡូញ ​និង​ហុងគ្រី ​ទាក់​ទង​នឹង​ការ​ហាម​ឃាត់​ការ​នាំ​ចូល​គ្រាប់​ធញ្ញជាតិ​ និង​ផលិត​ផល​កសិកម្ម​ផ្សេង​ទៀត​ពី​អ៊ុយក្រែន​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

អ្នក​នាំ​ពាក្យ​បន្ត​ថា​ ​​នៅ​ក្នុង​បរិបទ​នេះ​ វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​គូស​បញ្ជាក់​ថា​ គោល​នយោបាយ​ពាណិជ្ជ​កម្ម​គឺ​ជា​​​បញ្ហា​រួម​​របស់​សហភាព​អឺរ៉ុប​ ​ហើយ​ដូច្នេះ​ សកម្មភាព​ឯកតោ​ភាគី​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​​។ ក្នុង​ពេល​វេលា​ដ៏​លំបាក​បែប​នេះ​ វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​សម្រប​សម្រួល​ និង​​ធ្វើ​ឱ្យ​ស្រប​តាម​ការ​សម្រេច​ចិត្ត​ទាំង​អស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​។

គួរ​រំឭក​ថា​ ក្រោយ​រុស្ស៊ី​ចូល​លុក​លុយ​អ៊ុយក្រែន​ ​​ផលិត​ផល​កសិកម្មដូច​ជា​គ្រាប់​ធញ្ញជាតិ​​របស់​អ៊ុយក្រែន​ជា​ច្រើន ​ដែល​មាន​តម្លៃ​ថោក​ជាង​ផលិត​ផល​ដូច​គ្នា​ក្នុង​សហភាព​អឺរ៉ុប​ ត្រូវ​​នៅ​ជាប់​គាំង​ក្នុង​​បណ្ដា​រដ្ឋ​អឺរ៉ុប​កណ្ដាល​​ដោយ​សារ​តែ​បញ្ហា​ភស្តុភារ​នៅ​សមុទ្រខ្មៅ​ក្រោម​ការ​បិទ​ខ្ទប់​របស់​រុស្ស៊ី ដែល​បន្ធូរ​បន្ថយ​វិញ​ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​​រវាង​អ៊ុយក្រែន​-រុស្ស៊ី​។ ការ​ជាប់​គាំង​​ ​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ទីផ្សារ​នៃ​ផលិតផល​កសិកម្ម​របស់​ប្រជាកសិករ​នៅ​បណ្ដា​ប្រទេស​ទាំង​អស់​នោះ​។ ​

​បញ្ហា​នេះ​ បាន​បង្កើត​ជា​បញ្ហា​នយោបាយ​សម្រាប់​គណបក្ស​​ច្បាប់​ជាតិ​និយម​ និង​យុត្តិធម៌​ (PiS)​ ​​ដែល​កំពុង​កាន់​អំណាច​របស់​​ប៉ូឡូញ​ សម្រាប់​ការ​បោះ​ឆ្នោត​​ក្នុង​ឆ្នាំ​នេះ​ ​ខណៈ​​​វា​ធ្វើ​ឱ្យ​ប្រជាជន​នៅ​តំបន់​ជន​បទ ដែល​ជា​ទូទៅ​មាន​អត្រា​គាំទ្រ​បក្ស PiS ខ្ពស់​ មាន​ការ​​​​ខឹង​​សម្បារ​។​​

​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ប៉ូឡូញ​ លោក​ Piotr Muller ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ PAP ​ថា​ រដ្ឋាភិបាល​កំពុង​ទាក់​ទង​​ជាមួយ​គណៈកម្មការ​អឺរ៉ុប​អំពី​បញ្ហា​នេះ​ ហើយ​ថា​ការ​ហាម​ឃាត់ ដែល​នឹង​បន្ត​រហូត​ដល់​ចុង​ខែ​មិថុនា​នេះ​ ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​សេចក្ដី​ប្រកាស​​សន្តិសុខ​​​។ ​

​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​​ប៉ូឡូញ ​លោក​ Robert Telus ​និយាយ​នៅ​​ថ្ងៃអា​ទិត្យ​ថា​ ការ​ហាម​ឃាត់​នេះ​គឺ​ចាំ​បាច់​ដើម្បី​ «​បើក​ភ្នែក​របស់​សហភាព​អឺរ៉ុប​ ចំពោះ​ការ​ពិត​ដែល​ថា​ការ​សម្រេច​ចិត្ត​បន្ថែម​ទៀត​គឺ​ចាំ​បាច់​ដែល​នឹង​អនុញ្ញាត​ឱ្យ​ផលិត​ផល​ពី​អ៊ុយក្រែន​ចូល​ជ្រៅ​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប​ និង​មិន​​​ជាប់​ត្រឹម​តែ​​ប្រទេស​ប៉ូឡូញ​​តែ​ប៉ុណ្ណោះ​ទេ​»។ ​

គួរ​​បញ្ជាក់​ថា​ ​​ប៉ូឡូញ ​និង​ហុងគ្រី​​មាន​​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ​ជាមួយ​ប្លុក​របស់​ខ្លួន​ ជុំ​វិញ​បញ្ហា​នានា ​រួម​មាន​ទាំង​ឯករាជ្យ​ភាព​របស់​តុលាការ ​សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ហើយ​ប្រទេស​ទាំង​​២​ ​ត្រូវ​បាន​ដក​ហូត​មូលនិធិ​​ពី​ប្លុក​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​នីតិ​រដ្ឋ​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ EU warns against unilateral steps after Poland, Hungary ban Ukrainian grain

ads banner