មនុស្សជិត២០នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេលបីថ្ងៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សជិត ២០នាក់ បានបាត់បង់ជីវិតបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រ​ទេសក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលអត្រាស្លាប់មានការធ្លាក់ចុះចំនួន​ប្រាំបួននាក់​ បើ​​​ធៀប​នឹង​​​ឆ្នាំ ២០២២ដែលមានអ្នកស្លាប់ ២៧ នាក់។ នេះ​បើយោង​តាមរបាយការណ៍​របស់នាយកដ្ឋាននគ​រ​បាលចរាចរណ៍ និងសណ្តាប់ធ្នា​ប់​សាធារណៈ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បាន​ឱ្យដឹងថា​ ក្នុងរយៈពេលបីថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី ១៤ ,១៥ និងទី​១៦ខែមេសា កន្លងមកថ្មីៗនេះ អត្រានៃ​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន​ ៤៣លើកបណ្តាល​បណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន១៨ នាក់ និង​រងរបួសធ្ងន់ស្រាលចំនួន ៧៧ នាក់ ក្នុងនោះធ្ងន់ចំនួន៥៣នាក់។​​​

បើតាម​​នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នា​ប់​សាធារណៈ មូលហេតុដែលនាំឲ្យគ្រោះថ្នាក់នេះ ប​ណ្តាមកពីបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ ស្រវឹង និងកត្តាអា​កាសធាតុ។ ​

ឯកឧត្តមឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងឱ្យដឹងថា ការគ្រោះចរាចរណ៍នៅក្នុ​ង​រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានកើតឡើងតែ ៤៣ លើកទេ បើធៀបនឹងទៅនឹងឆ្នាំ​២០២២ គឺមានការថយចុះចំនួនបួនលើក ក្នុងនោះអ្នកស្លាប់ថយចុះប្រាំបួននាក់ និងអ្នករងរបួសចំនួនថយចុះបីនាក់។

ឯកឧត្តមបាន​បញ្ជាក់ថា ការថយចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ រួមជាមួយនឹងចំនួនអ្នកស្លាប់ក៏ថយចុះដែរ សម្រាប់ឆ្នាំនេះ គឺជាទិន្នន័យដែលល្អមួយសម្រាប់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាបើកប្រទេសឱ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញ និងមានការចូលរួមអនុវត្ត និងគោរច្បាប់ចរាចរណ៍ផ្លូវគោកពីសំណាក់ប្រជាពលរដ្ឋបានល្អ និងមានចំនួនច្រើន។

ឯកឧត្តម ឆាយ គឹមខឿន បន្ថែមទៀត​ថា ពិសេសមួយវិញទៀតនោះ ការថយចុះនេះ ក៏ព្រោះតែសមត្ថកិច្ចគ្រប់រា​ជធានីខេត្តបានខិតខំប្រឹងប្រែងធ្វើការត្រួតពិនិត្យ និងណែនាំដល់អ្នកធ្វើដំណើរ មិនត្រឹមតែដោះស្រាយប​ញ្ហាការកកស្ទះចរាចរណ៍នៅលើដងផ្លូវនោះទេ។

ជាមួយគ្នានេះដែរ លោក​ គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាពចរាចរណ៍ បានប្រាប់​ឱ្យដឹង​ថា ការថយចុះនេះ ដោ​យសារតែរាជដ្ឋាភិបាល វិស័យឯកជន រួមជាមួយនឹងអង្គការសង្គមស៊ីវិល បានធ្វើការផ្សព្វផ្សាយពីបញ្ហាសុ​វ​ត្ថិភាពចរាចរណ៍ និងក្រើនរំលឹកតាមរយៈសារសំខាន់ៗជុំវិញបញ្ហាចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ​នៅមុនឱកា​សពិធីចូលឆ្នាំមកដល់បានច្រើន។

លោកបន្តថា ទោះជាយ៉ាង ទាំងអង្គការសង្គមស៊ីវិល  និងរាជរដ្ឋាភិបាល មិនទាន់សប្បាយចិត្តចំពោះចំនួនគ្រោះ​ថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ថយចុះ​នោះទេ ព្រោះចំនួននៃគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់នៅតែក្តីកង្វល់របស់រាជរដ្ឋាភិបាល និងអង្គការដៃគូដដែលទេ។

លោក គង់ សុវណ្ណ បាន​បញ្ជាក់ថា តាមទិសរបស់រាជរដ្ឋាភិបាលក៏ដូចជាអង្គការដៃគូ គឺមិនចង់ឱ្យមានកើតឡើង និងបាត់បង់ជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងពេលសប្បាយរីករាយនេះទេ។

ដោយឡែក សម្រាប់​ករណី​គ្រោះអគ្គិភ័យ ក្នុង​រយៈពេល​៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំនេះដែរ មានករណីកើតឡើងចំនួន១៥ករណី នៅទូទាំងប្រទេស ដែលមានការកើនឡើង​ប្រាំបីករណី​ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ​២០២២។

យោង​តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅថ្ងៃទី១៧ ខែមេសា បាន​ឱ្យដឹងថា ​ករណីគ្រោះអគ្គិភ័យនេះ បាន​បណ្តាល​ឱ្យ​​ខូចខាត​ផ្ទះចំនួន ១៣ខ្នង, បន្ទប់ប្រាំមួយបន្ទប់​, ឃ្លាំងមួយ ​រថយន្ដចំនួនបួនគ្រឿង របួសមនុស្សម្នាក់ ប៉ុន្តែមិនបានបណ្តាលឱ្យមានអ្នកស្លាប់​​បាត់បង់​ជីវិតនោះឡើយ៕​

ដោយ៖គឹម យុត្ថារ៉ូ

ads banner