សត្វ ត្លុម មានវត្តមានច្រើននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
រាជធានីភ្នំពេញ៖ ត្លុម ជាសត្វស្លាបកំពុងមានវត្តមានច្រើននៅក្នុង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុង ខេត្ត តាកែវ ។ សត្វប្រភេទនេះត្រូវបានគេឱ្យដឹងថាសម្បូរច្រើនបំផុតនារដូវកសិករធ្វើស្រែ ពិសេស នារដូវច្រូតកាត់ដែលវាចូលចិត្តស៊ីស្រូវទុំជាអាហារ។ សត្វ ត្លុម ជាប្រភេទសត្វដែលមានជើងវែង សម្បុរដូចខ្វែកត្រោក មានវារិជជាតិជាចំណី ។
លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និងជាអ្នកថតរូបសត្វស្លាបប្រចាំនៅ តំបន់ ការពារទេសភាព បឹង ព្រែកល្ពៅ បានបញ្ជាក់ប្រាប់ AMS នាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ឱ្យដឹងថា”សត្វត្លុមសម្បូរច្រើននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។ ឃើញវាសម្បូរបំផុតនារដូវស្រូវទុំ ឬកន្លែងគេធ្វើស្រែ គឺសម្បូរច្រើនណាស់។ឱ្យតែដល់រដូវនេះវាយំត្លុមៗៗ…ពេញស្រែហើយ”។
មន្រ្តី ឧទ្យានុរក្ស ប្រចាំ តំបន់ ការពារទេសភាព បឹងព្រែកល្ពៅ រូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖”សត្វត្លុមជាសត្វឆាប់ផ្អើល មិនងាយថតរូបបានទេ ហើយរូបដែលលោកថតបាននេះ គឺជាសត្វត្លុមឈ្មោលតែប៉ុណ្ណោះ ។ បើវាឃើញយើងវារត់ពួនចូលក្នុងស្រែបាត់ហើយ គឺ វាកម្រចេញមកឱ្យឃើញណាស់។វាចូលចិត្តយំទាំងពេលថ្ងៃ ពេលល្ងាច ឬ យប់”។
លោក ឈឿន សុជាតិ បានបញ្ជាក់បន្ថែមថា”កសិករយើងភាគច្រើនបានលឺតែសម្លេងសត្វនេះយំតែកម្របានឃើញរូបរាងវាពិតណាស់ ទាំងនេះដោយសារតែវាផ្អើល និង ពូកែ រត់ពួន”។
ទាក់ទិនសត្វត្លុមនេះដែរ លោក ឈឿន សុជាតិបានប្រាប់ឱ្យដឹងផងថានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅសម្បូរសត្វនេះ ហើយសូម្បីតែនៅក្រៅតំបន់ អភិរក្ស ក៏គេឃើញវត្តមានវាផងដែរ។
ជាមួយគ្នានេះ លោក ឈឿន សុជាតិ បានរំលឹកប្រាប់ថា”កាលពីពេលខ្ញុំចូលបំពេញការងារជាមន្រ្តីឧទ្យានុរក្ស គឺរយៈពេល៥ឆ្នាំមកនេះឃើញថាចំនួនសត្វស្លាបបានកើនឡើងជាបន្តបន្ទាប់។ដោយកាលពីដំបូងឡើយយើងមានសត្វស្លាបត្រឹមតែប្រមាណជាង៧០ប្រភេទ ប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំដែលខ្ញុំចូលមកបំពេញការងារនេះ និង ពិសេសបានតាមដានពីវត្តមានសត្វព្រៃផ្សេងៗហ្នឹង គឺយើងកត់ត្រាបានច្រើនជាង ១៤០ប្រភេទហើយ ក្នុងនេះរាប់ទាំង សត្វប្រភេទតូច ប្រភេទធំ សត្វកម្រសត្វបន្លាស់ទី ជាដើម”។
គួរបញ្ជាក់ថាបើតាមការថ្លែងបញ្ជាក់ ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននាកន្លងមក បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រៅពីមានវត្តច្រើនប្រភេទហើយ តំបន់នេះក៏មានវត្តមានសត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួន ដូចជាត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើម ដែលចុះមករកចំណីក្នុងតំបន់នេះ។
បើតាមមន្រ្តីនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់ឱ្យដឹងដែរថា ក្រៅពីផ្ដល់ជម្រក និងចំណី ដល់ប្រភេទសត្វស្លាបផ្សេងៗ តំបន់ដីសើមមួយនេះ ក៏បានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ គាំទ្រដល់ជីវភាពរបស់ពលរដ្ឋ តាមរយៈការផ្ដល់ជាប្រភពទឹក អាហារ ត្រី ធនធានផ្សេងៗជាច្រើនទៀត។ជាមួយគ្នានេះតំបន់នេះ ក៏មានតម្លៃផ្នែក សោភ័ណភាព ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ័វប្បធម៌ ការសិក្សាស្រាវជ្រាវ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផង ៕ ដោយ៖ម៉ាដេប៉ូ

