ចិនជំរុញឱ្យ G7 បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសានេះ បានជំរុញឱ្យក្រុមប្រទេស G7 ឆ្លុះបញ្ចាំងពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ ហើយបោះបង់ចិត្តគំនិតសង្រ្គាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា ក៏ដូចជាបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត។
Read. អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសង្កត់ធ្ងន់ថា ជាថ្មីម្តងទៀត ប្រទេសចិនជំរុញឱ្យប្រទេស G7 ឆ្លុះបញ្ចាំងពីបញ្ហារបស់ពួកគេផ្ទាល់ ហើយបោះបង់ចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា។
លោកថា ប្រទេស G7 គួរតែបញ្ឈប់ការប្រឆាំងនឹងនិន្នាការ ដែលកំពុងកើតមាននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន, បញ្ឈប់ការថ្កោលទោសមិនសមហេតុផល, បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត និងបញ្ឈប់ចេតនាបង្កើតការប្រឆាំង និងការបែកបាក់គ្នាក្នុងសហគមន៍អន្តរជាតិ។
លោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍រួម ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុន ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់, សមុទ្រចិនខាងកើត, សមុទ្រចិនខាងត្បូង, តំបន់ស៊ីនជាំង និងទីបេ ដោយកិច្ចប្រជុំនោះ បានជំរុញឱ្យប្រទេសចិនធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងយុត្តិធម៌៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
