ប្រមុខ អ.ស.ប អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅស៊ូដង់

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស នៅថ្ងៃទី១៨ ខែមេសានេះ បានអំពាវនាវឱ្យមេដឹកនាំកងកម្លាំងប្រដាប់អាវុធក្នុងជម្លោះនៅប្រទេសស៊ូដង់ បញ្ឈប់អរិភាពជាបន្ទាន់ ហើយចាប់ផ្តើមការចរចាគ្នា ដើម្បីដោះស្រាយអំពើហិង្សា។

ប្រទេសស៊ូដង់កំពុងជួបប្រទះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងទាហានប៉ារ៉ា (RSF) របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

បើតាមតំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ មនុស្សយ៉ាងហោច១៨៥នាក់ត្រូវបានសម្លាប់ និងជាង១,៨០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងឧត្តមសេនីយ៍ពីរក្នុងប្រទេសស៊ូដង់ នារយៈពេល៣ថ្ងៃមកនេះ។

ជុំវិញបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ ហើយថា ជម្លោះនេះក៏បានបង្កឱ្យបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើនដ៏គួរឱ្យរន្ធត់ផងដែរ។

លោក ហ្គូទែរេស បានក្រើនរំលឹកដល់ភាគីទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ហើយព្រមានថា ការកើនឡើងអំពើហិង្សាបន្ថែមទៀត អាចនាំដល់ការបំផ្លិចបំផ្លាញប្រទេសស៊ូដង់ និងប្រទេសក្នុងតំបន់ ដោយលោកបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះ និងស្តារសណ្តាប់ធ្នាប់សន្តិសុខឡើងវិញ។

ស្របពេលជាមួយគ្នានេះដែរ លោក ហ្គូទែរេស បានបញ្ជាក់សារជាថ្មីថា អង្គការសហប្រជាជាតិនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រជាជនស៊ូដង់ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាពិសេសការកសាងអនាគតប្រកបដោយសន្តិភាព និងសុវត្ថិភាព៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner