ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចនៅហ្វីលីពីននាសប្តាហ៍នេះ

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នឹងធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ ដើម្បីបង្កើនទំនាក់ទំនង និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងពង្រឹងសម្ព័ន្ធភាពការពារជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

ក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៨ ខែមេសានេះថា រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង នឹងជួបជាមួយសមភាគីហ្វីលីពីន លោក អេនរីហ្គេ ម៉ាណាឡូ ក្នុងអំឡុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែមេសានេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការចរចារឿងសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ប្រមុខការទូតប្រទេសទាំងពីរក៏នឹងធ្វើកិច្ចពិភាក្សាគ្នាផងដែរ អំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

ដំណើរទស្សនកិច្ចរបស់លោក ឈីន កាង បានកើតមានឡើងស្របពេលដែលហ្វីលីពីន និងសហរដ្ឋអាមេរិកគ្រោងធ្វើសមយុទ្ធយោធាដ៏ធំបំផុតនៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃផែនការរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ដើម្បីជំរុញសម្ព័ន្ធភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ៕ ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner