រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ ធ្វើការរួមគ្នា ការពារ និង អភិរក្សសត្វព្រៃ ឱ្យបានល្អប្រសើរ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាការងារ លើសំណើសុំបន្តសកម្មភាពក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អ កសាងទំនុកជាមួយគ្នា ធ្វើការរួមគ្នាលើការការពារនិងអភិរក្សសត្វព្រៃ ដោយត្រូវមានផែនការច្បាស់លាស់ មានយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាជាក់ស្តែង និងស្ថានភាពកាលៈទេសៈភ្លាមៗប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ទាក់ទងនឹងការងារនេះ ត្រូវធ្វើយ៉ាងណាឱ្យស្របច្បាប់និងទទួលបានការសាទរ គាំទ្រពីមហាជន ហើយប្រសិនបើអ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនមានការជួញដូរឡើយ ។

ឯកឧត្តមបានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់នេះ ត្រូវធ្វើការងារដោយតម្កល់ប្រយោជន៍ជាតិជាធំ មានគោលដៅរួមតែមួយ យល់ពីគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហា។

សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចាប់តាំងពីឆ្នាំ២០០១ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន ០៨មកហើយ និងបានចំណាយថវិកាគម្រោងអស់ជាង ៣៤,៥លានដុល្លាលើក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) កម្មវិធីថែទាំសត្វព្រៃ កម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញភាគខាងត្បូង និងគម្រោងអប់រំបរិស្ថានចល័តចាប់តាំងពីឆ្នាំ២០០១ដល់២០១៦។

ក្រុមការងារនេះ គឺជាក្រុមអន្តរាគមន៍ដឹកនាំដោយរដ្ឋបាលព្រៃឈើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ និងការដឹកជញ្ជូនសំណាកសត្វព្រៃខុសច្បាប់ ដែលមានសមាភាពមកពីរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុប ១៦រូប។ ចំពោះកម្មវិធីថែទាំសត្វព្រៃដែលសង្គ្រោះបានមាននៅឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ការដោះលែងសត្វព្រៃនៅក្នុងព្រៃឧទ្យានអង្គរ និងនៅជីផាត ខេត្តកោះកុង ៕ ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner