លោក ប្រាយុទ្ធ៖ កងទ័ពជើងទឹកថៃ កំពុងពិភាក្សាជាមួយចិន ដើម្បីដោះស្រាយជម្លោះម៉ាស៊ីននាវាមុជទឹក
បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១៨ ខែមេសានេះ បានថ្លែងថា ថៃកំពុងពិភាក្សាជាមួយចិន ដើម្បីបញ្ចប់ការជាប់គាំងលើបញ្ហាជម្លោះម៉ាស៊ីននាវាមុជទឹក។
បើតាមសេចក្តីរាយការណ៍ កងទ័ពជើងទឹកថៃ (RTN) បានចាប់ផ្តើមកិច្ចពិភាក្សាថ្មីមួយកាលពីសប្តាហ៍មុន ស្តីពីការផ្លាស់ប្តូរពីម៉ាស៊ីនរងផលិតដោយអាល្លឺម៉ង់ សម្រាប់នាវាមុជទឹក។ នាវាមុជទឹកដែលផលិតដោយក្រុមហ៊ុនរដ្ឋចិន China Shipbuilding & Offshore International Co (CSOC) ត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនទៅឱ្យប្រទេសថៃនៅឆ្នាំ ២០២៣នេះ។
ប៉ុន្តែការសាងសង់នាវាមុជទឹកបានជាប់គាំង នៅពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ដែលត្រូវផ្គត់ផ្គង់ម៉ាស៊ីនម៉ាស៊ូត MTU396 ដល់ក្រុមហ៊ុនរដ្ឋចិន CSOC ដើម្បីដំឡើងនៅក្នុងនាវាមុជទឹកថៃបានដកខ្លួនចេញ ដោយនិយាយថា សម្ពាធរបស់សហភាពអឺរ៉ុបបានរារាំងខ្លួន ពីការលក់សម្ភារៈយោធាទៅឱ្យប្រទេសចិន។
បន្ទាប់ពីការអភិវឌ្ឍន៍ ក្រុមហ៊ុនរដ្ឋចិន CSOS បានផ្តល់ការដំឡើងម៉ាស៊ីនដែលផលិតដោយចិននៅក្នុងនាវាមុជទឹកនោះជំនួសវិញ ប៉ុន្តែរដ្ឋាភិបាលថៃបានបដិសេធនឹងការដោះដូរម៉ាស៊ីននេះ ដោយទទូចឲ្យប្រើប្រាស់ម៉ាស៊ីនផលិតដោយអាល្លឺម៉ង់ ដូចមានចែងក្នុងកិច្ចសន្យា។ លោក ប្រាយុទ្ធ បានប្រាប់សារព័ត៌មាននៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកថា កងទ័ពជើងទឹកថៃ (RTN) ត្រូវបានផ្តល់គោលការណ៍ណែនាំ ដើម្បីដោះស្រាយបញ្ហានេះ។
លោកថា ការផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗ និងសព្វាវុធគឺចាំបាច់សម្រាប់ធានាសុវត្ថិភាពនៅក្នុងប្រទេសថៃ ដោយគ្របដណ្តប់ទាំងផ្លូវគោក និងផ្លូវទឹក។ លោកថា ថៃត្រូវស្តាប់អនុសាសន៍របស់ចិនលើម៉ាស៊ីននាវាមុជទឹកជាមុនសិន… បញ្ហានេះទាក់ទងនឹងកិច្ចសន្យារវាងថៃ និងចិន ហើយថា ចិនក៏បានត្រៀមខ្លួនពិភាក្សាជាមួយថៃលើបញ្ហានេះផងដែរ៕ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

