ថៃដាក់គោលដៅបង្កើនការនាំចេញផ្លែឈើចំនួន ១០ភាគរយ ក្នុងឆ្នាំ ២០២៣
បាងកក៖ ប្រទេសថៃបានដាក់គោលដៅបង្កើនការនាំចេញផ្លែឈើស្រស់ និងកែច្នៃរបស់ខ្លួនរហូតដល់ ១០ភាគរយ ស្មើនឹងប្រមាណ ៤.៤៤លានតោន ក្នុងឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រគល់ភារកិច្ចឱ្យក្រសួងពាណិជ្ជកម្ម និងកសិកម្ម ចាត់វិធានការណ៍ដ៏ខ្លាំងក្លា ដើម្បីជំរុញបង្កើនសន្ទុះដាំដុះផ្លែឈើ។
ចំណាត់ការនេះនឹងគ្របដណ្តប់លើការផលិត, ការផ្សព្វផ្សាយក្នុងស្រុក, ការពង្រីកទីផ្សារក្រៅប្រទេស និងការពិភាក្សាផ្នែកពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធគយ និងឧបសគ្គផ្នែកទីផ្សារ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-19_11-08-54.jpg)
ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មថៃក៏បានកំណត់គោលដៅចំនួន ១០០ពាន់លានបាត សម្រាប់ការនាំចេញផ្លែទុរេនតែមួយមុខប៉ុណ្ណោះនៅឆ្នាំ២០២៣នេះ។ វិធានការមួយដែលជួយប្រទេសថៃសម្រេចបាននូវគោលដៅខាងលើនេះ នោះគឺការកាត់បន្ថយការប្រមូលផលមិនគ្រប់ខែ ដើម្បីការពារការផ្គត់ផ្គង់លើសតម្រូវការ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-19_11-08-53-2-1024x576.jpg)
គួរបញ្ជាក់ថា អាជីវកម្មនាំចេញផ្លែឈើរបស់ប្រទេសថៃ បានកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការធ្លាក់ចុះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្តែងការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងមានការកើនឡើងខ្លាំងចាប់ពីខែនេះ ដោយសារតែការបើកផ្លូវរថភ្លើងដឹកទំនិញរវាងថៃ-ឡាវ-ចិន ពីខេត្ត Rayong ទៅខេត្ត Guangzhou ប្រទេសចិន៕
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-19_11-08-53-1024x614.jpg)
ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា