ភាពតានតឹងរវាងអាមេរិក និងចិនជុំវិញបញ្ហានៅកោះតៃវ៉ាន់ បានដាក់សម្ពាធលើបណ្ដាប្រទេសនៅអឺរ៉ុបកាន់តែខ្លាំង

អាមេរិក៖ បណ្តាប្រទេសនៅសហគមន៍អឺរ៉ុបកំពុងជួបការលំបាកខ្លាំងក្នុងការសម្រេចចិត្តថាតើគួរជ្រើសរើសយកការគាំទ្រកោះតៃវ៉ាន់ ឬក៏យ៉ាងណា ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងខ្លាំង។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពីរសប្ដាហ៍មុន ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង(Emmanuel Macron) បានលើកឡើងថា សហភាពអឺរ៉ុបមិនគួរដើរតាមសហរដ្ឋអាមេរិកជុំវិញបញ្ហាកោះតៃវ៉ាន់នោះទេ។ ការលើកឡើងបែបនេះបានធ្វើឱ្យសាធារណៈជនខឹងសម្បារយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងនៅប្រទេសខ្លះនៅតំបន់អឺរ៉ុប។​

ព្រឹត្តិការណ៍ទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា សហភាពអឺរ៉ុបកំពុងខ្វះយុទ្ធសាស្ត្ររួមមួយដើម្បីប្រឈមជាមួយជ​ម្លោះនៅកោះតៃវ៉ាន់។ គួរដឹងដែរថា ភាពតានតឹងខ្លាំងនេះ បង្កឡើងដោយសារទីក្រុងប៉េកាំងសម្ដែងការមិនពេញចិត្តចំ​ពោះដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់កាលពីឆ្នាំមុន និងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ទៅកាន់សហរដ្ឋអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ ការ​បោះឆ្នោត​នៅ​តៃវ៉ាន់​នៅ​ខែ​មករា​ ឆ្នាំ​ក្រោយ​នេះ ​អាច​នឹង​ធ្វើ​ឲ្យ​មានការជជែកវែកញែកពី​ឯករាជ្យ​ភាព​កាន់​តែ​ផុសផុលបន្ថែមទៀត ​ហើយនឹងធ្វើឱ្យទីក្រុង​ប៉េកាំងកាន់តែកើតទុក្ខមិនសុខចិត្តកាន់តែខ្លាំង។​

ជាការកត់សម្គាល់ មេដឹកនាំសហភាពអឺរ៉ុប ក៏ដូចជាក្រុមរដ្ឋមន្ត្រីការបរទេស បានព្យាយាមគេចវេះពីការលើកយកបញ្ហាកោះតៃវ៉ាន់ មកជជែកពិភាក្សា បើទោះបីជាសហរដ្ឋអាមេរិក និងចិនកំពុងមើលមុខគ្នាមិនចំជុំវិញបញ្ហានៅតំបន់កោះតៃវ៉ា​ន់នេះក៏ដោយ។

ប៉ុន្តែ មន្ត្រីដែលធ្វើការពាក់ព័ន្ធនឹងតំបន់អាស៊ីខ្លះ ក៏ធ្លាប់បានលើកឡើងយកទៅពិភាក្សាម្តងម្កាលផងដែរ ប៉ុន្តែមិនមានការជជែកស្វែងរកដំណោះស្រាយ ឬការត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលអាចនឹងកើតឡើងផ្សេងៗ ឬផ្ដ​ល់ការឆ្លើយតបទៅលើបញ្ហានេះពីសំណាក់អឺរ៉ុបនោះទេ។​

«សម្រាប់ប្រទេសតូចៗជាច្រើននៅអឺរ៉ុប ភាពតានតឹងរវាងអាមេរិក និងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ មិនមែនជាកង្វល់ធំដុំនោះ​ទេបច្ចុប្បន្ននេះ» នេះបើយោងតាមការលើកឡើងរបស់​អ្នក​ការទូត​អាល្លឺម៉ង់ លោក Wolfgang Ischinger ដែល​បា​ន​ធ្វើ​ជា​ប្រធាន​សន្និសីទ​សន្តិសុខ​នៅទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់។ លោកបន្តថា ៖ «បណ្ដាប្រទេសនៅ​អឺរ៉ុបភាគច្រើនចូលចិត្តគេចវេះពីបញ្ហាដ៏ស្មុគស្មាញបែបនេះណាស់»។​

គួរដឹងដែរថា គោលជំហររបស់សហភាពអឺរ៉ុបចំពោះកោះតៃវ៉ាន់ គឺគោលការណ៍ចិនតែមួយ (One China Policy) ដែលជាការទទួលស្គាល់ទីក្រុងប៉េកាំង ថាជារដ្ឋាភិបាលចិនស្របច្បាប់តែមួយគត់ ហើយរដ្ឋដែលជាសមាជិកសហភាពអឺរ៉ុបទាំងអស់មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងតៃប៉ិនោះទេ។ ម៉្យាងទៀត គោលជំហររបស់សហគមន៍អឺរ៉ុបគឺប្រឆាំងនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី និងការប្រើប្រាស់កម្លាំងណាមួយដោយប្រទេសចិនក្នុងការដណ្តើមយកកោះតៃវ៉ាន់។ ​​

ចំណែកប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបនីមួយៗ មានការប្រាស្រ័យទាក់ទងជាមួយកោះតៃវ៉ាន់ក្នុងរូបភា​ព​ខុសៗគ្នា ពោលគឺអាស្រ័យទៅលើទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងប៉េកាំងផងដែរ។ ប្រទេសមួយចំនួនដូចជា លី​ទុយអានី បានពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដោយផ្អែកលើតម្លៃលទ្ធិប្រជាធិបតេយ្យរួម។ ចំណែកឯប្រទេសខ្លះទៀតមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅពេលដែលពួកគេប្រាស្រ័យទាក់ទងជាមួយតៃវ៉ាន់។​

រហូតមកដល់ពេលនេះ សហភាពអឺរ៉ុបមិនទាន់មានកិច្ចពិភាក្សាលម្អិតណាមួយស្ដីពីការឆ្លើយតបទៅនឹងជម្លោះនៅតំ​បន់កោះតៃវ៉ាន់នោះទេ បើទោះបីជាអឺរ៉ុបជាប្រភពនៃវិនិយោគទុនបរទេសដ៏ធំបំផុតរបស់កោះមួយនេះ ហើយកោះតៃវ៉ាន់​​ ជាដៃគូពាណិជ្ជកម្មដ៏ធំមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗទាំង ១៥ របស់អឺរ៉ុបក៏ដោយ។

ការណ៍ដែលប្រទេសសមាជិកសហភាពអឺរ៉ុបនីមួយៗមានទំនាក់ទំនងជាមួយកោះតៃវ៉ាន់ខុសៗគ្នា វាផ្ទុយទៅនឹងទីក្រុងវ៉ាស៊ីនតោនដែលតែងតែបានគិតគូរអំពីអនាគតរបស់កោះនេះ ហើយជម្លោះនៅកោះតៃវ៉ាន់នេះទៀតសោត នឹងអាចរំ​ខា​នដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅអឺរ៉ុប និងធ្វើឱ្យផ្លូវដឹកជញ្ជូនតាមនាវា ជួបនឹងហានិភ័យ ជាពិសេសនៅតំបន់សមុទ្រចិនខា​ងត្បូង។​

យោងតាមការសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវមួយឈ្មោះថា Rhodium Group បានរកឃើញថា ជម្លោះនៅជុំវិញកោះតៃវ៉ាន់ ក៏ដូចជាការបិទច្រកចេញចូលកោះមួយនេះពីសំណាក់ប្រទេសចិន អាចបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចពិភពលោក ដែលស្មើនឹងទឹកប្រាក់ចំនួនជាងពីរទ្រីលានដុល្លារអាមេរិក និងបង្កឱ្យមានការខ្វះខាតនៅក្នុងឧស្សាហកម្មសំខាន់ៗដូចជាទូរគមនាគមន៍ និងផ្នែកវេជ្ជសាស្រ្តជាដើម។​

ជាថ្មីម្ដងទៀត ការអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់លោក ម៉ាក្រុង ដែលថាសហភាពអឺរ៉ុបមិនគួរដើរតាមអាមេរិកជុំវិញបញ្ហាជម្លោះនៅកោះតៃវ៉ាន់ ដោយលោកបានលើកឡើង​ពីហានិភ័យនៃការបាត់បង់ស្វ័យភាពនៅក្នុងតំបន់ បានបង្កឱ្យ​មានការជជែកដេញដោលគ្នាជាច្រើននៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៅអឺរ៉ុប។ ទោះយ៉ាងណា ក្រុមមន្ត្រីនៅសហភា​ព​អឺរ៉ុបមួយចំនួនក៏បានព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធាវាយប្រហារកោះ​តៃវ៉ាន់។​

ប៉ុន្តែ មេដឹកនាំអឺរ៉ុបតែងតែព្យាយាមគេចវេះពីការលើកយកបញ្ហាអស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់មកពិភាក្សា និងតែងតែមិនព្រមបង្ហាញពីគោលជំហររបស់ខ្លួនឱ្យបានជាក់លាក់ បើទោះបីជាត្រូវទទួលរងហានិភ័យទៅលើសេដ្ឋកិច្ចរបស់ហភាពអឺរ៉ុបទាំងមូលពីឥទ្ធិពលជម្លោះនេះក៏ដោយ។ អ្នក​វិភាគខ្លះបានព្រមាន​ថា ការ​ពិភាក្សា​អំពីបញ្ហា​កោះតៃវ៉ាន់​ អាច​នឹងធ្វើឱ្យប្រទេស​ចិនមិនសប្បាយចិត្ត ឬ​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​កាន់​តែ​ខ្លាំងនូវ​ទំនាក់​ទំនងរវាង​សហភាព​អឺរ៉ុប និងប្រទេស​ចិន។​

ដោយឡែក សម្រាប់ក្រុមអ្នកការទូតដែលមកពីប្រទេសផ្សេងៗវិញ ពួកគេបាននិងកំពុងធ្វើការពិភាក្សាក្រៅផ្លូវការជាច្រើនលើកអំពីបញ្ហាកោះតៃវ៉ាន់ ហើយជប៉ុនត្រូវបានគេរំពឹងថានឹងផ្តោតលើបញ្ហាមួយនេះផងដែរក្នុងអំឡុងពេលដែលខ្លួននឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសទាំងប្រាំពីរ ឬហៅថា G7 ក្នុងនោះក៏មានប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលីផងដែរ។ ​

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសជប៉ុន​កាលពីពេលថ្មីៗនេះ ពួកគេបានយល់ស្របគ្នាថា ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ហើយថាសន្តិភាព និងស្ថិរភាពនៅជុំវិញកោះតៃវ៉ាន់ គឺជាកត្តាចាំបាច់ខ្លាំងណាស់សម្រាប់សន្តិសុខអន្តរជាតិជារួម។​

ក្រុមអ្នកជំនាញមួយចំនួនកំពុងអំពាវនាវឱ្យសហភាពអឺរ៉ុបចាប់ផ្តើមពិចារណាលើការបង្កើតគោលជំហររួមមួយដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិនៅកោះតៃវ៉ាន់ និងដើម្បីជៀសវាងការបែកបាក់សាមគ្គីគ្នា ក៏ដូចជាការផ្ញើសារទៅកាន់ទីក្រុងប៉េកាំងដែលកំពុងធ្វើសកម្មភាពយោធានៅក្នុងតំបន់នេះ។ អ្នកជំនាញខ្លះទៀតបានស្នើថា អាមេរិកគួរតែជំរុញអឺរ៉ុបឱ្យបង្កើតគោលជំហរជាមូលដ្ឋាន ដើម្បីបង្ហាញថាអឺរ៉ុបមិនស្ថិតនៅឃ្លាតឆ្ងាយពីគោលនយោបាយការបរទេសស្នូលរបស់ខ្លួននោះទេ។​

លោក ណូ បាគីន (Noah Barkin) ទីប្រឹក្សាជាន់ខ្ពស់នៃវិទ្យាស្ថាន Rhodium Group បានលើកឡើងថា ៖ «ខ្ញុំគិតថា អ្វីដែលអឺរ៉ុបត្រូវធ្វើគឺត្រូវរៀបចំត្រៀមខ្លួនដើម្បីបត់បែនទៅតាមសេណារីយ៉ូផ្សេងៗ ព្រោះវាមិនមែនមានតែពណ៌ខ្មៅ ឬព​ណ៌សនោះទេ ហើយវាមិនមែនជាការឈ្លានពាននោះទេ»។

លោក​ក៏បានលើកឡើងជាសំណួរថា ៖ «​តើ​អឺរ៉ុប​ត្រូវធ្វើការ​ឆ្លើយ​តប​ត្រង់​ចំណុច​ណា? ហើយថា​តើ​ត្រូវធ្វើការ​ឆ្លើយ​តបដោ​យរបៀបណា»៕

​ប្រែសម្រួល៖ធា សុណា ប្រភព​៖ ​U.S.-China Tensions Over Taiwan Put Pressure on Europe

ads banner