សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំសម័យប្រជុំរដ្ឋសភាដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនបី

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣។ កិច្ចប្រជុំរដ្ឋសភាមានសមាជិក សមាជិការដ្ឋសភាចូលរួមប្រជុំចំនួន៩៧រូប។ សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ បានលើកយករបៀបវារៈមានចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖
១-សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ
២-សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ
៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចឯកភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា ២០ជំពូក និង ២៥៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជា ១៥ជំពូក និង ៨៧មាត្រា។

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ៖ រាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា បានខិតខំរៀបចំតាក់តែងនិងដាក់ឱ្យប្រើប្រាស់ ច្បាប់ស្តីពីសារពើពន្ធ ដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧។ រហូតមកដល់បច្ចុប្បន្ន ច្បាប់ស្តីពីសារពើពន្ធ ត្រូវបានដាក់ឱ្យប្រើប្រាស់រយៈពេល២៥ឆ្នាំមកហើយ និងត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ក្នុងទ្រង់ទ្រាយធំនិងទ្រង់ទ្រាយតូច សរុបទាំងអស់ចំនួន១១លើករួចមកហើយ ប៉ុន្តែនៅតែមិនទាន់អាចឆ្លើយតបនិងគ្របដណ្តប់បានលើ៖ (១) ការរីកចម្រើន និងការវិវឌ្ឍឥតឈប់ឈរនៃសង្គម សេដ្ឋកិច្ច និងធុរកិច្ច(២) ភាពចាំបាច់និងបន្ទាន់ក្នុងការជួយ សម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជន ជួបប្រទះ និងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលជួបវិបត្តិនានា និង (៣) ច្បាប់និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារដែលនៅជាធរមាន នៅមានភាពរាយប៉ាយ ដែលជាហេតុធ្វើឱ្យអ្នកជាប់ពន ក៏ដូចជារដ្ឋបាលសារពើពន្ធ មានការលំបាកក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ និងការអនុវត្ត។

ក្នុងន័យនេះ សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបានសង្គតិភាពដោយ៖ (១) ប្រមូលផ្តុំចងក្រងច្បាប់និង លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកនិងការអនុវត្ត (២) កែសម្រួលនិងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ (៣) ដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធដារមួយចំនួន និង(៤)បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ឌីជីថលកម្ពុជា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរនិងគ្រប់គ្រងការប្រមូលចំណូល។ សេចក្តីព្រាង ច្បាប់នេះ ក៏នឹងចូលរួមផងដែរក្នុងការជំរុញនិងលើកកម្ពស់វិស័យធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានាបាននូវការ ប្រកួតប្រជែងដោយស្មើភាព និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានជឿនលឿនលើគ្រប់វិស័យ ជាពិសេស គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SMEs)។ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា២០ជំពូក និង២៥៥មាត្រា ហើយ ត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ៖ ក្របខ័ណ្ឌលទ្ធកម្មសាធារណៈដំបូងនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយផ្អែកតាមមាត្រា៥០ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ១៩៩៣ ហើយត្រូវបានរៀបចំឱ្យមានជាលិខិតបទដ្ឋាន គតិយុត្តជាបន្តបន្ទាប់ ជាពិសេស ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដែលនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ ស្របតាមកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ តម្រូវឱ្យ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០១២ ត្រូវរៀបចំកែលម្អនិងបំពេញបន្ថែមឱ្យកាន់តែពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងស្របឱ្យតាមឧត្តមានុវត្តន៍ជាអន្តរជាតិផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងស្របតាមទិសដៅនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយ តួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មលើកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវផ្ដល់សិទ្ធិអំណាចនិងការទទួលខុសត្រូវ ព្រមទាំងគណនេយ្យភាព ពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។ សេចក្តីព្រាងច្បាប់នេះ បានកំណត់គោលការណ៍សំខាន់ៗអំពីមុខងារនិងការទទួលខុសត្រូវឪ្យដាច់ពីគ្នារវាងស្ថាប័នគ្រប់គ្រងលទ្ធកម្ម និងស្ថាប័ន អនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាចនិងការទទួលខុសត្រូវលើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្ត ការពង្រឹង និងកែលម្អយន្តការនៃការទទួលនិងដោះស្រាយពាក្យបណ្ដឹងតវ៉ាលទ្ធកម្មឱ្យមានឯករាជ្យ និងការ បង្កើតឱ្យមានរបបដាក់ទោសទណ្ឌ។

ចំណែកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner