ចិននឹងចូលខ្លួនសម្របសម្រួលដល់កិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន
ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក ឈីន កាង (Qin Gang) បានប្រាប់ទៅសមភាគីអ៊ីស្រាអែល និងប៉ាលេស្ទីនថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្រួលដល់កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ។
យោងតាមក្រសួងការបរទេសចិនតាមរយៈសេចក្ដីប្រកាសមួយបានបង្ហាញថា នៅក្នុងការហៅទូរសព្ទដាច់ដោយឡែកពីគ្នាទៅកាន់មន្ត្រីជាន់ខ្ពស់របស់ភាគីទាំងពីរកាលពីថ្ងៃចន្ទ លោក ឈីន បានសម្តែងការព្រួយបារម្ភរបស់ប្រទេសចិនចំ ពោះភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន ក៏ដូចជាបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះការបង្កើតកិច្ចចរចាសន្តិភាពមួយឡើង។
គួររំឭកថា កាលពីខែមុន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្តាច់កាលពីឆ្នាំ២០១៦ ដោយប្រទេសចិនបានដើរតួជាអ្នកសម្របសម្រួលក្នុងដំណើរការនៃកិច្ចចរចានោះ។
ក្រោយទទួលបានជោគជ័យ រដ្ឋាភិបាលទីក្រុងប៉េកាំងហាក់កំពុងមានមោទនភាពខ្លាំង និងបានលើកឡើងជាភស្តុតាងបញ្ជាក់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយជាតួអង្គការទូតដ៏សំខាន់មួយនៅតំបន់មជ្ឈិមបូព៌ា។
លោក ឈីន បានសង្កត់ធ្ងន់នៅក្នុងកិច្ចសន្ទនារបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អេលី ខូហេន (Eli Cohen) ថា ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់គឺជាគំរូដ៏ល្អមួយក្នុងការយកឈ្នះលើភាពចម្រូងចម្រាសដោយការចូលតុសន្ទនាគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានរៀបរាប់អំពីការលើកឡើងរបស់រដ្ឋមន្ត្រីចិននៅក្នុងការហៅទូរស័ព្ទនោះ។
លោក ឈីន បាននិយាយប្រាប់លោក ខូហេន ថាទីក្រុងប៉េកាំងលើកទឹកចិត្តអ៊ីស្រាអែល និងប៉ាលេស្ទីនឱ្យបង្ហាញឆន្ទៈផ្នែកនយោបាយ និងចាត់វិធានការបន្តកិច្ចចរចាសន្តិភាពឡើងវិញ។ លោកបានបន្តថា ៖ «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់មធ្យោបាយដើម្បីឈានទៅរកការសម្រេចបាននូវកិច្ចចរចាសន្តិភាព»។
គួរដឹងដែរថា អ៊ីស្រាអែល និងប៉ាលេស្ទីន មិនបានបើកការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាថានឹងពង្រីកតំបន់គ្រប់គ្រងនៅតំបន់ West Bank បន្ថែមទៀត ប៉ុន្តែសហគមន៍អន្តរជាតិបានចាត់ទុកថាវាជារឿងខុសច្បាប់ និងជាឧបសគ្គដល់ការឈានទៅរកសន្តិភាព។
យ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលសំខាន់ៗមួយចំនួនបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការបង្កើតរដ្ឋប៉ាលេស្ទីនឯករាជ្យមួយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនខាងលើដដែលបានឱ្យដឹងថា លោក ខូហេន បានប្រាប់ពីឆន្ទៈរបស់ប្រទេសលោកក្នុងការកាត់បន្ថយភាពតានតឹង ប៉ុន្តែបញ្ហានេះហាក់ដូចជាពិបាកធ្វើទៅបានក្នុងរយៈពេលខ្លីខ្លាំងណាស់។
ដោយឡែក ក្រសួងការបរទេសអ៊ីស្រាអែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា លោក ឈីន និងលោក ខូហេន បានពិភាក្សាអំពីសារៈសំខាន់នៃការរក្សាភាពស្ងប់ស្ងាត់នៅតំបន់ Temple Mount ជាពិសេសនៅថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាន (Ramadan) ដែលត្រូវបានគេចាត់ទុកថាជាខែដ៏វិសុទ្ធរបស់អ្នកកាន់សាសនាអ៊ីស្លាម ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីការចរចាសន្តិភាពជាមួយប៉ាលេស្ទីននោះទេ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា លោក ខូហេន បានលើកឡើងទៅកាន់សមភាគីចិនអំពីការគំរាមកំហែងដែលអ៊ីស្រាអែលកំពុងប្រឈមមួយទៀតនោះគឺកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក ខូហេន ក៏បានអំពាវនាវឱ្យប្រទេសចិនជួយធ្វើយ៉ាងណាកុំឱ្យទីក្រុងតេហេរ៉ង់ (Tehran) ធ្វើការផលិតអាវុធនុយក្លេអ៊ែរបាន។
គួរដឹងដែរថា នៅក្នុងខែនេះ ស្ថានភាពប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល និងតំបន់ West Bank បានកើតមានឡើងញឹកញាប់គួរកត់សម្គាល់ ដោយក្រុមប៉ូលិសអ៊ីស្រាអែលបានបើកការចុះបង្ក្រាបនៅទីតាំងគោរពបូជានៅក្នុងទីក្រុងចឺរូសាឡឹម (Jerusalem) ដែលជាបរិវេណវិហារអ៊ីស្លាមមួយឈ្មោះថាអាល់ អាកសា (Al-Aqsa)។ បន្ថែមលើនេះ ក្រុមយោធាអ៊ីស្រាអែលក៏បានវាយលុកចូលទីតាំងដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមភេរវករហាម៉ាស (Hamas) នៅភាគខាងត្បូងប្រទេសលីបង់ និងតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) បន្ទាប់ពីពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ទាំងពីរនេះ បានបាញ់គ្រាប់រ៉ុក្កែតទៅលើទឹកដីអ៊ីស្រាអែល៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ China offers to facilitate Israel-Palestinian peace talks