អង្គការសហប្រជាជាតិ៖ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៤ លាននាក់កំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្របន្ទាប់ពីតាលីបង់កាន់កាប់

អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)បានឱ្យដឹងកាល​ពីថ្ងៃទី​១៨ ខែមេសាថា ចំនួនប្រជាជនអាហ្វហ្គានីស្ថានកំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រ ដែលចំនួនពលរដ្ឋនេះ​បាន​កើនឡើងដល់ជាង​ ៣៤ លាននាក់ ចាប់​តាំងពីរដ្ឋាភិបាល​តាលីបង់ឡើងកាន់កាប់ប្រទេសនេះ​។ ​

វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីដើមឆ្នាំ ២០២១ ក្រោ​យ​ពេលតាលីបង់ ផ្តួលរលំរបបសាធារណរដ្ឋគាំទ្រដោយរដ្ឋាភិបាលអាមេរិក ដែល​បណ្តាលឱ្យអង្គការបរ​ទេស​ឈប់ផ្តល់ជំនួយ និងបដិសេធ​ដោះស្រាយជាដាច់ខាតជាមួយនឹងអាជ្ញាធរតាលីបង់​។ 

ស្របពេលជាមួយគ្នានេះ​ អ.ស.ប  និងអង្គការក្រៅរដ្ឋាភិបាលក៏បាននិយាយដែរថា ខ្លួនកំ​ពុ​ងពិចារណាក្នុងការបន្តផ្តល់ជំនួយ និងការងារដល់ស្ត្រីអាហ្វហ្គានីស្ថាន ខណៈពេលដែលពួកគេត្រូវបានតាលី​បង់គំរាមឱ្យ​ឈប់ពីការងារ។ ​

យោងតាម កម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប (UNDP) កាលពីថ្ងៃអង្គារបានឱ្យដឹងថា តួលេខនៃប្រជាជនអាហ្វហ្គានីស្ថានក្រីក្របានកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ដែលមាន​​ចំនួន​ប្រមាណ​ ១៥ លាននាក់​។ ​

UNDP បានឱ្យដឹងថា ៖ «ប្រជាជនខ្លះត្រូវបានបង្ខំឱ្យលក់ផ្ទះ ដី ឬទ្រព្យសម្បត្តិដើម្បីបង្កើតប្រាក់ចំណូល ចំណែកអ្នកខ្លះទៀត​ដើម្បីជួយដោះស្រាយ​ការ​លំបាក​​​គ្រួសារ ត្រូវបង្ខំកូន​ធ្វើជាកម្មករ និងកូនស្រីតូចត្រៀមខ្លួនក្នុងការរៀបការ ដើម្បីយកលុយផងដែរ»។ ​

នាចន្លោះខែធ្នូ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ ២០២៣ ប្រាក់ជំនួយជាង ១.៨ ពាន់លានដុល្លារត្រូវបានផ្គត់ផ្គង់ដល់ប្រជាជនអាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែនាដើមឆ្នាំនេះអង្គការស​ហ​ប្រជាជាតិបានប្រមានថា ប្រសិនបើរដ្ឋាភិបាលតាលីបង់នៅតែបន្តរារាំងមនុស្សមិនឱ្យ​ធ្វើការនោះ ជំ​នួយនឹ​ងត្រូវ​កាត់បន្ថយ។ 

សូមរំឮកផងដែរថា អត្រាប្រាក់ចំណូលរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ ២០២៣ មានត្រឹមតែ ៥ ភា​គរយប៉ុណ្ណោះនៃគោលដៅ ៤.៦ ពាន់លានដុល្លាររបស់ខ្លួន ដោយអង្គការជាច្រើនបានផ្អាកប្រតិបត្តិការរ​បស់ពួកគេ បន្ទាប់ពីការបរាជ័យក្នុងការតវ៉ាប្រឆាំងនឹងច្បាប់មិនឱ្យ​ស្ត្រីចូលបម្រើការងារតាំងពីខែធ្នូកន្លងមក។

លោក Abdallah Al Dardari តំណាង UNDP ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ប្រសិនបើជំនួយបរទេសត្រូវបានកាត់បន្ថយនៅឆ្នាំនេះ អាហ្វហ្គានីស្ថានអាចនឹងធ្លា​ក់ពីគែមជ្រោះចូលទៅក្នុងទីជ្រៅបំផុត»។

​កាលពីសប្តាហ៍មុនផងដែរបុគ្គលិកអាហ្វហ្គានីស្ថានទាំងប្រុស ទាំងស្រីត្រូវបានបង្គាប់ឱ្យនៅឆ្ងាយពីការិយា​ល័​យរបស់ខ្លួន ដោយប្តូរធ្វើការ​ពីផ្ទះមកវិញ ហើយពួកគេនឹងបន្តទទួលបានប្រាក់ខែដដែលពីអង្គការក្រៅរដ្ឋាភិបាលរបស់ខ្លួន៕​

ប្រែសម្រួល៖ឡេង អារីតា ប្រភព៖ UN says 34 million Afghans in poverty under Taliban rule

ads banner