មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យត្រៀមបាញ់បង្ហោះផ្កាយរណបចារកម្មលើកដំបូង

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូង គួរតែដំណើរការទៅមុខ ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៊។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីភ្នាក់ងារអវកាសផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃអង្គារសប្តាហ៍នេះ លោក គីម បានប្រាប់ក្រុមមន្ត្រីឱ្យធានាថា ការបាញ់បង្ហោះផ្កាយរណបអាចដំណើរការទាន់ពេល ហើយថែមទាំងបានបញ្ជាឱ្យបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើនបន្ថែមទៀតផងដែរ។

បើតាមសារព័ត៌មាន KCNA ការផលិតផ្កាយរណបត្រូវបានបញ្ចប់ ប៉ុន្តែកូរ៉េខាងជើងនៅមិនបានបញ្ជាក់លម្អិត ថាតើពេលណាការបាញ់បង្ហោះត្រូវបានធ្វើឡើងនោះទេ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគបាននិយាយថា ផ្កាយរណបយោធា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរផ្តាច់មុខ ក្នុងការជំរុញបច្ចេកវិទ្យាឃ្លាំមើល រួមទាំងយន្តហោះដ្រូន ដើម្បីកែលម្អសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារគោលដៅសត្រូវក្នុងករណីកើតមានជម្លោះ។

កាលពីខែធ្នូកន្លងទៅ កូរ៉េខាងជើងបានធ្វើអ្វីដែលខ្លួនហៅថា ជាដំណាក់កាលចុងក្រោយនៃការសាកល្បងដ៏សំខាន់មួយ សម្រាប់ផ្កាយរណបចារកម្ម ហើយបាននិយាយថា ខ្លួននឹងបញ្ចប់ការរៀបចំសម្រាប់ការបាញ់បង្ហោះនៅក្នុងខែមេសានេះ៕

ប្រភព៖ TheStar ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner