បាល់ទះបុរស ចាប់ឆ្នោតឡើងវិញ កម្ពុជា នៅពូល A ជាមួយឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ កីឡាបាល់ទះ វិញ្ញាសាបុរសក្នុងសាលបានចាប់ឆ្នោតជ្រើសរើសពូលឡើងវិញ បន្ទាប់ពី ហ្វីលីពីន ស្នើសុំចូលរួម ក្រោយថ្ងៃចុះបញ្ជីគ្រប់ប្រភេទកីឡា ត្រូវបានបិទទ្វា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ធ្វើឡើងក្នុងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខណៈម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់មេដាយមាសឆ្នាំចាស់ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន ។

ក្រោយចាប់ឆ្នោតលើកទី១ ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ស្រាប់តែហ្វីលីពីន បានទទូចឱ្យកម្ពុជា បន្ថែមវិញ្ញាសាបាល់ទះបុរសក្នុងសាលរបស់ខ្លួន បើទោះជាដឹងខ្លួនថា ផុតកាលបរិច្ឆេទ នៃការចុះបញ្ជីទៅហើយក្ដី។ រំលង១ថ្ងៃគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានផ្ញើលិខិតឆ្លើយតបទៅកាន់ហ្វីលីពីន ថា សម្រាប់កម្ពុជា នឹងជួយសម្របសម្រួល ករណីប្រទេសជាសមាជិកអាស៊ានផ្សេងទៀតលើសពី៥ ប្រទេសយល់ព្រម ។

រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់តាមលិខិតទៅកាន់សហព័ន្ធកីឡាបាល់ទះកម្ពុជាថា ប្រទេសអាស៊ានចំនួន៥ បានឯកភាពឱ្យដាក់បញ្ចូលក្រុមបាល់ទះបុរសហ្វីលីពីន ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នេះ រួមមានកម្ពុជា មីយ៉ាន់ម៉ា ថៃ ប្រ៊ុយណេ សិង្ហបុរី និងម៉ាឡេស៊ី ។

ដូច្នេះតម្រូវឱ្យសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាប់ឆ្នោតក្នុងវិញ្ញាសាបាល់ទះបុរសសាថ្មីឡើងវិញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់សហព័ន្ធ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ។ ជាលទ្ធផលនៃការចាប់ឆ្នោតក្រោមសក្ខីភាពនៃប្រទេសជាសមាជិកអាស៊ាន ឃើញថាពូល A មានម្ចាស់ផ្ទះ កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ហើយពូលB សមាសភាពដដែលរួមមាន ថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ។ ដូច្នេះកម្មវិធីប្រកួតវគ្គជម្រុះតាមពូល បាល់ទះបុរសក្នុងសាលនឹងចាប់ដំណើរការពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ តទៅដោយពូល A កម្ពុជា ត្រូវជួបសិង្ហបុរី ថ្ងៃបើកឆាក ហើយហ្វីលីពីន ជួបឥណ្ឌូណេស៊ី ខណៈប្រកួតបើកឆាកពូល B ម៉ាឡេស៊ី ប៉ះ ថៃ និងមីយ៉ាន់ម៉ា ជួបវៀតណាម។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ នេះមានប្រទេសចំនួន ១១ចូលរួម លើប្រភេទកីឡាចំនួន ៣៧ មានវិញ្ញាសា ៥៨១ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ សម្រាប់កីឡាបាល់ទះ មានវិញ្ញាសាបាល់ទះបុរសក្នុងសាល បាល់ទះនារី ក្នុងសាល បាល់ទះបុរសឆ្នេរខ្សាច់ និងបាល់ទះនារីឆ្នេរខ្សាច់ ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner