ឯកឧត្តម ឈិន កេតនា ៖ ពិធីបុណ្យវិសាខបូជា នឹងប្រារព្ធធ្វើឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា បានលើកឡើងថា ពិធីបុណ្យវិសាខបូជា នឹងប្រារព្ធធ្វើឡើងនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ នាដើមខែឧសភា ទៅតាមកាលវេលានៃការកំណត់ ។

ការលើកឡើងនេះធ្វើឡើង នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាស ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យវិសាខបូជានាពេលខាងមុខ។

ឯកឧត្តម ឈិន កេតនា បានបញ្ជាក់ថា កាលបរិច្ឆេទ និងទីតាំង ប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំបានទូលប្រគេន និងជម្រាបជូនផងដែរអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជាឆ្នាំនេះ ឱ្យដំណើរការ និងប្រព្រឹត្តិទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើងថ្កាននៃយើង។

ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ស្ថេរភាព នយោបាយនិងសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ដែលអាចឲ្យពិធីបុណ្យនានាជាច្រើនក្នុងប្រទេសប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់ និងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បន្ទាប់ពីបានផ្លាស់ប្ដូរយោបល់រួចមក អង្គប្រជុំបានឯកភាពកំណត់កាលបរិច្ឆេទនិងទីតាំងសម្រាប់ប្រារព្ធពិធីព្រមទាំងបែងចែកភារកិច្ចថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃ ជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្តដែលពាក់ព័ន្ធ សម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត ។

សូមបញ្ជាក់ជូនថា ពិធីបុណ្យវិសាខបូជា‌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃអភិលក្ខិត‌សម័យទាំងបី មានថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner