គ.ជ.ប៖ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកទាំង ប្រាំ បង្ហាញថា មានភាពត្រឹមត្រូវ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បញ្ជាក់ថា ការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ត្រូវបានបញ្ចប់ ដោយលទ្ធផលបានបង្ហាញថាមានភាពត្រឹមត្រូវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានអនុវត្តការងារត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតតាមក្រុង ស្រុកនីមួយៗយ៉ាងល្អិតល្អន់នៅចំពោះមុខតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត នៅទីស្ដីការ គ.ជ.ប ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។
ប្រភពដដែលថា លទ្ធផលក្រុមត្រួតពិនិត្យ មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តពាក់ព័ន្ធបានបញ្ជាក់ក្នុងតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកឡើយ។
អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម សោម សូរីដា បានប្រាប់ឱ្យដឹងថា តាមរយៈលទ្ធផលពិនិត្យ និងផ្ទៀងផ្ទាត់នៃការបោះឆ្នោតនេះ ពុំមានអ្វីផ្លាស់ប្តូរ ឬប្រែប្រួលដល់ការបោះឆ្នោតដែលបានបិទនៅតាមការិយាល័យបោះឆ្នោតនោះទេ។ លោកថា ពិសេសនោះ លទ្ធផលទាំងនៅការិយាល័យបោះឆ្នោត ទាំងនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត គឺមានលក្ខណៈត្រឹមត្រូវ។
លោកបានបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេសប្រគល់ជូនដល់ថ្នាក់ដាក់ដឹកនាំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច នៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២២»។
តាមផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប ការបែងចែកអាសនៈ និងស្រង់បេក្ខជនជាប់ឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមេសា និងបញ្ចប់យ៉ាងយូរត្រឹមថ្ងៃទី២១ ខែមេសា ដើម្បីឈានដល់ការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នាពេលខាងមុខ៕ ដោយ៖ គឹម យុត្ថារ៉ូ