សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការលើកលែងតម្រូវឱ្យធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ

ភ្នំពេញ៖ តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅរសៀល ថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា បានប្រកាសសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការ លើក លែងតម្រូវឱ្យធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ ។

សម្ដេចមានប្រសាសន៍ថា បន្ទាប់ពីចូលឆ្នាំប្រពៃណីជាតិខ្មែររួច ពិនិត្យឃើញថា ជំងឺ កូវីដ១៩មិនមានការឆ្លងរាលដាលនោះទេ។ បន្ថែមពីលើនោះ គឺសំណាកដែលត្រូវពិសោធន៍ក៏មិនមានផងដែរ ហើយបើសិនជាមាន ក៏មានចំនួនតិចតួចណាស់។ ករណីបែបនេះ អនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ធ្វើការពិនិត្ យឡើងវិញ អំពីវិធានការនានាសម្រាប់ប្រកាន់យក នៅក្នុងដំណាក់កាលថ្មី។

យោងតាមសំណើរបស់ក្រសួងសុខាភិបាល និងមានការឯកភាព ពីគណៈកម្មការប្រចាំការ នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ19 សម្ដេចបានសម្រេច៖ ទី១-លើកលែងកាតព្វកិច្ចសម្រាប់ការជួបជុំការ ពាក់ ម៉ាស់ក្នុងការជួបជុំគ្រប់ប្រភេទប៉ុន្តែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់ តាមជម្រើសរៀងៗខ្លួន។ សម្ដេចបន្តថា កន្លងមកនេះ ទោះបីយើង បានដកចេញនូវវិធានការពាក់ម៉ាស់មិនមែនជាកាតព្វកិច្ច ក៏ប៉ុន្តែ យើងរក្សានូវការពាក់ម៉ាស់ក្នុងពិធីជួបជុំដូចជា៖ ការចែកសញ្ញាបត្រ រាប់រយ ឬរាប់ពាន់នាក់ គឺតម្រូវឲ្យនិស្សិតពាក់ម៉ាស់ តែចាប់ពីពេល នេះតទៅ ពុំមានការចាំបាច់ណាមួយ ដើម្បីឱ្យនិស្សិត ឬអ្នកដែល ចូលរួមក្នុងពិធីដូចជា៖ សន្និបាតតាមស្ថាប័នរដ្ឋ ឬក៏វិស័យឯកជន ដែលជួបជុំគ្នានោះ ពាក់ម៉ាស់នោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ យើងអាចសន្សំបានថែមទៀត នូវចំនួនម៉ាស់ ដែលយើងត្រូវប្រើ ប្រាស់សម្រាប់ការជួបជុំក្នុងពិធីម្ដងៗ។

ចំណុចទី២-លើកលែងការតម្រូវឱ្យធ្វើតេសរហ័សរកកូវីដ១៩ សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្តែបុគ្គលម្នាក់ៗ អាចធ្វើតេស្ដរហ័ស តាមជម្រើសរៀងៗខ្លួន។ សម្ដេចថា ក្នុងចំណុចនេះ កន្លងទៅ យើងតែងតែដាក់មន្ត្រីពេទ្យ តាមទីកន្លែងនានាសម្រាប់ការធ្វើ តេស្ដរហ័ស និងការធ្វើតេស្តនៃការជួបជុំគ្នា ដើម្បីពិនិត្យរកកូវិដ19 មុនពេលអនុញ្ញាតឱ្យបុគ្គលនោះចូលទៅជួបជុំ ជាពិសេសដូចជា៖ ការធ្វើតេស្ដមុនពេលទៅទទួលសញ្ញាប័ត្រ ឬនៅពេលខាងមុខនេះ ធ្វើតេស្តមុនចូលទៅទស្សនាស៊ីហ្គេម ដែលនៅសល់ជាង ១០ថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះចាប់ពីពេលនេះតទៅ មិនមានការចាំ បាច់ ដែលរៀបចំ និងចំណាយលើឧបករណ៍ធ្វើតេស្ត ក៏មិនចាំបាច់ មាន ការចំណាយ ហើយក៏មិនចាំបាច់មានគ្រូពេទ្យដើម្បីទៅឈរ ជើងធ្វើក្នុងចំនួនដ៏ច្រើនលើសលប់នោះដែរ។ ដូច្នេះ នេះជាការ សម្រួល ថែមទៀត ទៅតាមរយៈនៃស្ថានភាពដ៏ល្អប្រសើរនៃកូវីដ 19 របស់ប្រទេសកម្ពុជាយើង ។

ទោះជាយ៉ាងណាសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជំរុញ ប្រជាពលរដ្ឋ ឱ្យតាមដានពីសុខភាពរបស់ខ្លួន និងធ្វើតេស្តរហ័សដោយខ្លួនឯង នៅពេលមានការសង្ស័យថា មានឆ្លងកូវីដ-១៩ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner