អគ្គនាយកនិយ័តករមូលបត្រកម្ពុជា៖ ចង់ឃើញក្រុមហ៊ុនល្អៗដូច ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចូលរួមវិនិយោគ ក្នុងផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីរ៉ូដសូ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ សាធារណៈលើកដំបូង របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រាភ្នំពេញ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុក ជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជា សមាជិក ក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានអះអាងថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាក្រុមហ៊ុនដ៏ល្អមួយ ហើយលោកចង់ឃើញ ក្រុមហ៊ុនល្អៗបែបនេះ ឡើងផ្សារមូលបត្រកម្ពុជា ហើយថាការឡើងផ្សារមូលបត្រកម្ពុជា របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាមោទនភាពរបស់ វិស័យមូលបត្រកម្ពុជា ដែលទទួលបាននូវទំនុកចិត្តពីអ្នកពាក់ព័ន្ធ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សា ភិបាល និងអគ្គនាយកប្រតិបត្ដិក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានលើកឡើងថា ដោយឃើញពីសន្ទុះនៃការរីកចម្រើន និងមានការ វិវឌ្ឍទៅមុខឥតឈប់ឈរចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយ ផែនការ ច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំ ក្រុមហ៊ុន ឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូល ក្នុងទី ផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ាបានរៀបចំ ក្រុមហ៊ុនរួចជាស្រេចដើម្បីត្រៀមខ្លួនឈានចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។

អ្នកឧកញ៉ា បន្តថា នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួន ក្នុងការឈរលើវិស័យ អប់រំ មួយ នេះដដែល ដោយបច្ចុប្បន្ន ក្រុមហ៊ុនមានសាខាសរុប ចំនួន ១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាងពីរម៉ឺននាក់ បុគ្គលិក ២.១៤៩នាក់ និងមានអតីតសិស្សជាង ៥០.០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀត ក្នុងនោះរួមមាន៖ សាខាសែនសុខ, សាខាច្បារអំពៅ, សាខាកំពង់ចាម, សាខាតាកែវ និងសាខាបាត់ដំបង។

បើតាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចង់លក់ភាគហ៊ុន ៥.៩ភាគរយ ហើយសង្ឃឹមថា នឹងប្រមូលថវិកា ១០លាន ដុល្លារ អាមេរិក ដើម្បី ពង្រីកស្ថាប័ន អប់រំរបស់ខ្លួន និងជាការរួម ចំណែក អភិវឌ្ឍវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈបច្ចុប្បន្ន កម្ពុជា មានសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កលក្ខណៈងាយ ស្រួល ដល់ការវិនិយោគ ខណះការធានាភាគលាភគឺ ៦ភាគរយ ក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរឆ្នាំដំបូង។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គ នាយក នៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា លោក ចង់ឃើញអ្នកមានធនធាន ចូលរួមវិនិយោគ ក្នុងផ្សារមូលបត្រកម្ពុជា ដោយកាត់បន្ថយការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដើម្បីឲ្យការជួញដូរប្រចាំ ថ្ងៃកើនដល់ ១០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០។

ក្នុងន័យនេះ បើតាមឯ.ឧ ហុង សុហួរ បច្ចុប្បន្ននេះមានអ្នកមាន ធនធាន បានកប់ថវិកា ទៅលើវិស័យអចលនទ្រព្យច្រើនណាស់។ ដូច្នេះ «ដកតែ ៣ ទៅ ៤ភាគរយ ពីការវិនិយោគ វិស័យអចលនទ្រព្យក៏ បាន»។ ឯ.ឧ ហុង សុហួរ បានឲ្យដឹងទៀតថា បច្ចុប្បន្នផ្សារមូលបត្រ កម្ពុជា មានក្រុមហ៊ុនចុះបញ្ជី ចំនួន១៨ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង ៩ទៀត បានចុះបញ្ជីជាសញ្ញបណ្ណ ហើយក្រុមហ៊ុនទាំង១៨នេះ បានកៀរគរទុនពីទីផ្សារមូលបត្រ ៣១៧លានដុល្លារ អាមេរិក។

ឯកឧត្តមអគ្គនាយកបានបន្ថែមថា ទំហំនៃការជួញដូរ ក្នុងផ្សារ មូលបត្រ ប្រចាំថ្ងៃជាមធ្យម ក្នុងឆ្នាំ២០២២ បានកើនឡើងដល់ជាង ៥០ម៉ឺនដុល្លារ តែចំនួននេះ បើធៀបជាមួយស្រុកគេ នៅកម្រិត ទាបខ្លាំងណាស់ ពោលបើធៀប ជាមួយស្រុកថៃ គេមានទំហំ ជិត២.០០០លានដុល្លារ។ តែទោះជាយ៉ាងនេះក្តី នៅឆ្នាំ២០១៧ ការជួញដូរប្រចាំថ្ងៃ នៅផ្សារមូលបត្រកម្ពុជា មានតែ ១៥០០០ដុល្លារ តែប៉ុណ្ណោះ មានន័យថា បានកើនឡើងជាង ៣០ដងឯណោះ។ លោកបន្តដែរថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានវិនិយោគិន ៣៨,០០០នាក់(ឬគណនី)ត្រូវបានបើកហើយរំពឹងថានឹងកើនឡើងដល់៥ម៉ឺនគណនី នៅចុងឆ្នាំ២០២៣៕ អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner