ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៦៣៨លានដុល្លារអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ
ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឬផ្លូវល្បឿនលឿនទី២ របស់កម្ពុជាបន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៦៣៨ លានដុល្លារអាមេរិក ដោយនឹងរួចរាល់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។ ផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា គម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជា ពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ដល់ព្រំប្រទល់កម្ពុជា-វៀតណាម មានប្រវែងប្រមាណ ១៣៥គីម៉ែត្រ ឬក៏ហៅថា ផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ មានការជជែកគ្នាមួយចំនួនថា មិនទាន់ឃើញមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការសាងសង់ផ្លូវមួយនេះ ក្រុមហ៊ុន ដែលទទួលសាងសង់ផ្លូវមួយនេះ បានបញ្ជូនគ្រឿងចក្រ ទៅកាន់ទីតាំងដែលត្រូវធ្វើបើកការដ្ឋានសាងសង់រួចហើយ ដោយគ្រោងសាងសង់ឱ្យរួចរាល់នៅឆ្នាំ ២០២៧ខាងមុខ ដើម្បីឲ្យស្របគ្នានឹងផ្លូវពីហូជីមិញ មកម៉ុខបាយខាងភាគីវៀតណាម ដើម្បីធ្វើការតភ្ជាប់គ្នានៅបាវិតខេត្តស្វាយរៀងរបស់កម្ពុជា ដោយផ្លូវខាងភាគីវៀតណាមនឹងធ្វើរួចក្នុងឆ្នាំ ២០២៧ ដូចគ្នា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គត្រង់ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី៣ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋពីប៉ែកខាងផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត ដែលជាកន្លែងច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ ។ ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិតនេះ មានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកមីយ៉ាន់ម៉ា មកប្រទេសថៃ មកកម្ពុជា និងទៅវៀតណាម ដើម្បីផ្តល់ភាពងាយសម្រួលក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ។
សូមរំលឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ៕ ដោយ វណ្ណលុក