ខេត្តបាត់ដំបង គ្រោងនឹងសាងសង់ទីលានចាក់សំរាម នៅក្នុងស្រុកចំនួនពីរ នាពេលដ៏ខ្លីខាងមុខ
ភ្នំពេញ៖ ខេត្តបាត់ដំបង នឹងមានការកសាងហេដ្ឋានរចនាសម្ព័ន្ធនៃទីលានចាក់សំរាមនៅក្នុងស្រុកចំនួនពីរ គឺស្រុកបវេល និងស្រុកថ្មគោល ខណៈបច្ចុប្បន្នស្ថាប័នពាក់ព័ន្ធ កំពុងបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពន្លឿនដំណើរការគម្រោងសាងសង់នេះ សំដៅកាត់បន្ថយនូវភាពអនាធិបតេយ្យក្នុងការទុកដាក់សំរាម និងការពារដល់បរិស្ថាន។នេះបើតាមកិច្ចប្រជុំពិភាក្សាការងារអំពីការត្រៀមអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមនៅប្រទេសកម្ពុជា កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង ក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
លោក បួន ហេង អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាការងារអំពីការត្រៀមអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។
លោកបានបន្តថា ដើម្បីពន្លឿនដំណើរការគម្រោងនេះ រដ្ឋបាលខេត្តបាត់ដំបង នឹងត្រូវសហការជាមួយ ក្រសួងពាក់ព័ន្ធផ្សេងទៀត ក្រោមជំនួយរបស់ធនាគារពិភពលោក នឹងគាំទ្រដោយក្រសួងមហាផ្ទៃ ក្នុងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងការរៀបចំទីតាំងបង្កើតទីលានចាក់សំរាម និងទីលានសម្រាប់ផ្ទេរសំរាមនៅត្រង់រវាងស្រុកបវេល និងស្រុកថ្មគោល។
លោកមានប្រសាសន៍ថា៖«នាពេលអនាគត ចំពោះសំរាម១៥%ដែលបានចាក់នៅទីលានទាំងពីរនេះ នឹងត្រូវកែច្នៃឱ្យប្រើប្រាស់ម្ដងវិញទៀត ដើម្បីជួយសម្អាតបរិស្ថាន និងការពារបរិស្ថាន ព្រមទាំងជួយសម្រួលមិនឱ្យមានការកំណរកំណើននៃការប្រើប្រាស់ប្លាស្ទិកមួយកម្រិតផងដែរ ។ក្នុងនោះ ៧៥% នៃប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគោលដៅទាំងពីរ នឹងត្រូវមានការប្រើប្រាស់នូវសេវាប្រមូលសំរាម ដើម្បីកាត់បន្ថយនូវភាពអនាធិបតេយ្យក្នុងការទុកដាក់សំរាម ដើម្បីរក្សានូវសោភ័ណភាពក្នុងស្រុក ក៏ដូចជានៅតាមគេហដ្ឋាននីមួយៗឱ្យមានភាពស្រស់ស្អាតនិងផាសុកភាព» ។
លើសពីនេះទៀត លោក បួន ហេង បានអះអាងដែរថា ក្រសួងមហាផ្ទៃ ក៏បានខិតខំស្វះស្វែងរកដៃគូសហការ ជាមួយនឹងធនាគារពិភពលោក ក៏ដូចជាក្រសួងពាក់ព័ន្ធនានាជាពិសេសក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពន្លឿនគម្រោងកសាងហេដ្ឋានរចនាសម្ព័ន្ធនៃទីលានចាក់សំរាមក្នុងស្រុកថ្មគោល និងស្រុកបវេលនៃខេត្តបាត់ដំបងឱ្យឆាប់លេចចេញរូបរាង។
ពាក់ព័ន្ធគម្រោងសាងសង់ទីលានចាក់សំរាមនៅក្នុងស្រុកទាំងពីរនេះដែរលោក សុខ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបងពិតជាមានសំណាងណាស់ដែល រាជរដ្ឋាភិបាលបានជ្រើសរើស ក្នុងការរៀបចំគម្រោងគ្រប់គ្រងសំរាម ខណៈបញ្ហានេះគឺជាកង្វល់មួយ ដែលរដ្ឋបាលខេត្តបាត់ដំបង បានគិតគូជាយូរមកហើយ ក្នុងការរៀបចំកន្លែងទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ព្រោះសំរាមមានការកើនជាលំដាប់ តែទំហំទីលានចាក់សំរាមចាស់បានប្រើប្រាស់អស់លទ្ធភាពហើយ។
ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានស្នើឱ្យអភិបាលស្រុកដែលពាក់ព័ន្ធ ខិតខំក្នុងការចាត់ចែងរកដីសម្រាប់បង្កើតជាទីលានចាក់សំរាម ដែលមានទីតាំងនៅចន្លោះ ឬនៅជិតព្រំប្រទល់នៃស្រុកទាំងពីរនេះ ដែលជាតំបន់ដែលមិនលិចទឹក និងមិនប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ ដែលក្នុងនោះត្រូវចន្លោះ ៣០ គីឡូម៉ែតពីគ្នាយ៉ាងច្រើន ព្រមទាំងបង្កើតឡដុតសំរាមផងដែរ។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបវេល និងស្រុកថ្មគោល សូមចូលរួមទាំងអស់គ្នាក្នុងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
បើតាមក្រសួងមហាផ្ទៃ គិតមកដល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា បានបញ្ចប់ការសិក្សា និងវាយតម្លៃលើការរៀបចំគម្រោងរួចហើយ និងកំពុងត្រៀមដាក់ឆ្លងក្រុមប្រឹក្សាភិបាលធនាគារពិភពលោកដើម្បីអនុម័ត ហើយនឹងត្រូវចាប់ផ្តើមអនុវត្តនៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ។
គម្រោងនេះ គឺមានសមាសភាគអនុវត្តគម្រោងចំនួន៣ គឺ ក្រសួងបរិស្ថាន(សមាសភាគទី១) ក្រសួងមហាផ្ទៃ(សមាសភាគទី២) និងក្រសួងសាធារណការ និងដឹកជញ្ជូន(សមាសភាគទី៣) ហើយគម្រោងនេះ នឹងត្រូវអនុវត្តនៅក្រុង-ស្រុកនៃខេត្តគោលដៅចំនួន៥ រួមមាន ក្រុងសៀមរាប នៃខេត្តសៀមរាប ក្រុងតាខ្មៅនៃខេត្តកណ្ដាល ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ស្រុកបវេល និងស្រុកថ្មគោល នៃខេត្តបាត់ដំបង និងក្រុងព្រះសីហនុ៕ដោយ៖ សែម ពិសី