ប្រធានាធិបតីកូឡុំប៊ីគាំទ្រការដកទណ្ឌកម្មចេញពីវ៉េណេស៊ុយអេឡា អំឡុងជំនួបជាមួយលោក ចូ បៃដិន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបដំបូងរបស់ពួកគាត់ នៅថ្ងៃទី២០ ខែមេសានេះថា លោកគាំទ្រការដកទណ្ឌកម្មចេញពីរដ្ឋាភិបាលឆ្វេងនិយមនៅវេណេស៊ុយអេឡា ជាថ្នូរនឹងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោក ហ្គូស្តាវ៉ូ ផេត្រូ ជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់ប្រទេសកូឡុំប៊ី ដែលបានជួបជាមួយលោក បៃដិន នៅសេតវិមាន ហើយបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបនោះថា គាត់បានពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ដោះស្រាយវិបត្តិនៅវ៉េណេស៊ុយអេឡា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មេដឹកនាំឆ្វេងនិយម លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលឯកោយ៉ាងខ្លាំង ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប។
លោក ផេត្រូ បាននិយាយយ៉ាងដូច្នេះថា យុទ្ធសាស្ត្រមួយត្រូវបានស្នើឡើង ពោលគឺរៀបចំការបោះឆ្នោតជាមុនសិន ហើយបន្ទាប់មកដកទណ្ឌកម្ម ឬដកទណ្ឌកម្មបន្តិចម្តងៗ ហើយនៅពេលដែលរបៀបវារៈនៃការបោះឆ្នោតត្រូវបានបំពេញ ទណ្ឌកម្មទាំងនោះនឹងក៏ត្រូវបានដកចេញស្របគ្នាដែរ។
បន្ថែមលើនេះ លោក ផេត្រូ និងលោក បៃដិន ក៏បានធ្វើកិច្ចពិភាក្សាគ្នាផងដែរ អំពីសន្និសីទអន្តរជាតិស្តីពីប្រទេសវ៉េណេស៊ុយអេឡា ដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសកូឡុំប៊ីនាសប្តាហ៍ក្រោយ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីអឺរ៉ុប អាមេរិកឡាទីន និងសហរដ្ឋអាមេរិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា