ភូមិកីឡា ត្រូវបានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ ៖ ភូមិកីឡា ដែលត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។
ពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិរៀប ចំការប្រកួត កីឡា អា ស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ។
ក្រោយពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ភូមិកីឡា បានបិទបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមថ្ងៃនេះ បន្ទាប់ពីបានចំណាយពេលសាងសង់រយៈពេលជាច្រើនខែ។ អ្វីដែលសេសសល់បន្តិចបន្តួចគឺទៅលើការរៀបចំអនាម័យ ។
កិច្ចការងារនេះគឺយើងបាននិយាយជាបន្តបន្ទាប់ហើយ គឺយើងបិទស្នូរសំឡេងដែលយើងហៅថា ការសាងសង់មិនឱ្យមានសំឡេងទៀតទេ ។ គឺចាប់ពីម៉ោងនេះទៅយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួចនៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារនានាតែប៉ុណ្ណោះ»។ ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ។
សម្តេចពិជ័យសេនា រំពឹងធានាដល់ប្រតិភូកីឡា និងអត្តពលិកដែលត្រូវមកដល់នាពេលខាងមុខ នឹងទទួលបាននូវផាសុកភាព ព្រមទាំងធានាបានថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំជូនរួចរាល់ជាស្រេច។ភូមិកីឡា ដែលមាន៣៧០០គ្រែស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village ជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់។
ទីនេះនឹងផ្តល់ជាកន្លែងស្នាក់នៅសម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។
ដោយឡែកក៏នៅមានសណ្ឋាគារចំនួន ១១កន្លែងទៀតក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំជូនសម្រាប់អត្តពលិក មន្ត្រី និងប្រតិភូកីឡា ស្នាក់នៅដែលជិតពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) និងទីតាំងប្រកួតមួយចំនួនទៀត ៕ ថត ដោយ ជីម ភារ៉ា អត្ថបទ ៖ជាវ ចន្ធូ