នាយករដ្ឋមន្រ្តីជប៉ុននឹងប្រកាសពីផែនការសកម្មភាព ដើម្បីស្រូបទាញការវិនិយោគពីក្រៅប្រទេស
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានថ្លែងថា លោកនឹងបង្ហាញផែនការសកម្មភាពដ៏សំខាន់មួយនៅក្នុងខែមេសានេះ ដើម្បីទាក់ទាញការវិនិយោគ និងទេពកោសល្យពីប្រទេសផ្សេងៗ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា បានប្រកាសពីផែនការសកម្មភាព ដើម្បីស្រូបទាញការវិនិយោគពីក្រៅប្រទេស នៅថ្ងៃទី២០ ខែមេសានេះ នៅឯ “B7 Tokyo Summit” ដែលជាកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាជីវកម្មមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ដែលហៅកាត់ថា G7។
កិច្ចប្រជុំកំពូល B7 នៅទីក្រុងតូក្យូរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយត្រូវបានរៀបចំឡើងដោយសហព័ន្ធធុរកិច្ចជប៉ុន ឬ Keidanren។ នាឱកាសនោះដែរ លោក គីស៊ីដា បាននិយាយថា គាត់ចង់អញ្ជើញមេដឹកនាំផ្នែកធនធានមនុស្ស និងមូលនិធិពីក្រៅប្រទេស ដើម្បីជំរុញការវិនិយោគរួមនៅក្នុងប្រទេសជប៉ុន និងពង្រីកឱកាសអាជីវកម្មថ្មីៗពីក្រៅប្រទេស។
លោកថា ផែនការសកម្មភាពនេះ នឹងបង្ហាញពីវិធានការជំរុញការវិនិយោគ សម្រាប់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកបន្ទះឈីប semiconductor និងផលិតផលផ្សេងៗទៀត។
ផែនការនេះទៀតសោត ក៏នឹងរួមបញ្ចូលផងដែរនូវយុទ្ធសាស្រ្ត ដើម្បីប្រែក្លាយប្រទេសជប៉ុនទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មដ៏ធំបំផុតរបស់អាស៊ី និងកម្មវិធីស្នាក់នៅថ្មីដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកដែលមានទេពកោសល្យក្នុងការធ្វើការនៅក្នុងប្រទេសជប៉ុន។
នាយករដ្ឋមន្រ្តីជប៉ុនរូបនេះបន្ថែមថា គាត់ចង់ពិភាក្សាដោយស្មោះត្រង់អំពីការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធស្នូលជាមួយមេដឹកនាំ G7 ផ្សេងទៀតនៅឯកិច្ចប្រជុំកំពូល ហ៊ីរ៉ូស៊ីម៉ា នាខែក្រោយ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា