អភិបាលរដ្ឋផ្លរីដាលើកសរសើរពីការរៀបចំយុទ្ធសាស្រ្តសន្តិសុខឡើងវិញរបស់ប្រទេសជប៉ុន

តូក្យូ៖ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ក្នុងទីក្រុងតូក្យូ ខណៈដែលរូបលោកចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេស នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា នៅមុនកិច្ចពិភាក្សា ដោយសំដៅលើការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការរៀបចំយុទ្ធសាស្ត្រសន្តិសុខឡើងវិញ និងជំរុញការចំណាយលើវិស័យការពារជាតិថា យើងអបអរសាទរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពង្រឹងការការពារប្រទេសរបស់ខ្លួន ចំពេលមានភាពតានតឹងជាមួយប្រទេសជិតខាង (កូរ៉េខាងជើង) និងការកើនឡើងឥទ្ធិពលរបស់ចិន។

លោក DeSantis បាននិយាយយ៉ាងដូច្នេះថា យើងជឿជាក់ថា បើជប៉ុនខ្លាំង នោះគឺជារឿងល្អសម្រាប់អាមេរិក ហើយបើអាមេរិកខ្លាំង នោះក៏ជារឿងល្អសម្រាប់ប្រទេសជប៉ុនផងដែរ ដូច្នេះយើងសូមសរសើរអ្នកចំពោះរឿងនេះ ហើយយើងសង្ឃឹមថា ប្រទេសរបស់យើងនឹងជួយជប៉ុនសម្រេចរឿងនេះ។ ចំណែកលោក គីស៊ីដា បានប្រាប់លោក DeSantis ថា គាត់សង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជួយធ្វើឱ្យការយល់ដឹងអំពីនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសជប៉ុនកាន់តែស៊ីជម្រៅ។

បើតាមការគ្រោងទុកនោះ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis នឹងទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃចន្ទនេះ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅពេលមុននឹងបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner