សម្តេចតេជោ ហ៊ុន សែន៖ ពាក្យដែលត្រូវថ្លែងបើកស៊ីហ្គេម ២០២៣ «ក្នុងព្រះបរមនាមព្រះមហាក្សត្រ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសបើកស៊ីហ្គេមឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ពាក្យដែលត្រូវថ្លែងបើកស៊ីហ្គេម ២០២៣ «ក្នុងព្រះបរមនាមព្រះមហាក្សត្រ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសបើកស៊ីហ្គេមឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ» ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ ។

សម្ដេចតេជោបានមានប្រសាសន៍ថា យប់មិញ គឺខ្ញុំបានផ្ញើសារសំឡេងឯកឧត្តម ថោង ខុន ហើយ អំពីពាក្យដែលត្រូវប្រការបើកស៊ីហ្គេមនោះ កុំវែងឆ្ងាយពេក «ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមប្រកា សបើកស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ពីពេល នេះតទៅ» ។

សម្តេច បានបន្តថា ការថ្លែងខ្លីបែបនេះ គឺដើម្បីទុកពេលឲ្យប្រជាពលរដ្ឋ បានមើលការប្រកួតកីឡា ។ សម្តេចថា កុំឱ្យឯកឧត្តម ថោង ខុន គាត់សរសេរ វែងពេក, ក្រោយរង់ចាំអស់រយៈពេល ៦៦ឆ្នាំកន្លងទៅ វាវែងពេក ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ឥឡូវនៅសល់ ១១ថ្ងៃទៀតប៉ុណ្ណោះ ភ្លើងគប់របស់យើង បានឆ្លងកាត់បណ្តាប្រទេសអាស៊ាន ទាំងលើកលែងតែប្រទេសព្រុយណេ ដែលគាត់ជាប់ពិធីបុណ្យរាម៉ាដន ។ ថ្ងៃទី២៥ នឹងមកដល់កម្ពុជា ដោយឆ្លងកាត់ស្ទឹងត្រែង ចូលក្រចេះ ចេញពីក្រចេះ ចូលកំពង់ចាម ចេញពីកំពង់ចាមទៅកាន់ខេត្តជុំវិញបឹងទន្លេសាប មុនមកដល់ភ្នំពេញ ។

សូមបញ្ជាក់ថា ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានការគាំទ្រជាបន្ដបន្ទាប់នៅប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ម៉ាឡេស៊ី សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា ហើយបន្ដដំណើរទៅដល់ប្រទេសឡាវ។ ព្រះអគ្គិជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេស ក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនា តាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុងសហគមន៍សន្ដិភាព និងវាសនាតែមួយ ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner