សម្ដេចតេជោ ហ៊ុន សែន៖ សព្វថ្ងៃនេះ គឺថា បាត់បង់អស់សេរីភាព, ទោះបីចង់នាំគ្រួសារ ទៅលេងសមុទ្រក៏ពិបាកដែរ

ភ្នំពេញ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃនេះ គឺថា បាត់បង់អស់សេរីភាព! មិនមែននិយាយរឿងបញ្ហាប្រពន្ធប្រចណ្ឌ ឬមិនប្រចណ្ឌទេ ប៉ុន្តែបញ្ហាទាក់ទងជាមួយសន្តិសុខ ។

សម្ដេចបន្តថា កាលថ្ងៃមុនកូនស្រីរបស់សម្ដេច ខំរៀបចំបួលសម្ដេចទៅលេងខេត្តកែបជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាភរិយា ដោយទៅលេងស្ងាត់ស្ងៀមជាមួយអ្នកស្និតស្នាលមួយចំនួនទៀត ប៉ុន្តែស្រាប់តែព្រឹកឡើង ក៏មានការបញ្ជូនសារស្ដីពីការចាត់តាំងកម្លាំងការពារសន្តិសុខ ចាប់ពីខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ រហូតកំពត ធ្លាក់ទៅដល់ខេត្តកែប ។

សម្ដេចថា អ៊ីចឹងទេ បានសេចក្ដីថា គ្រាន់តែដំណើរទៅកម្សាន្តសប្បាយ គឺរៀបចំកម្លាំងការពារចូលដល់រាប់ពាន់នាក់ បន្ថែមកម្លាំងជាង ៣០០នាក់ឈរជើងនៅទីនោះ និងឧទ្ធម្ភាគចក្រ ៣គ្រឿងទៅចុះចត ដើម្បីបង្ការ។ ខ្ញុំថា អ៊ីចឹង មិនបាច់ទៅ! ។

សម្ដេច បញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្ដេច នឹងប្រាប់ដំណឹងស្ដីពីដំណើរកម្សាន្តឯកជនរបស់សម្ដេច និងក្រុមគ្រួសារ តែក្នុងរយៈពេល ១០ ទៅ ១៥នាទីមុនប៉ុណ្ណោះ ដោយបន្ថែមថា ព្រោះធ្វើឲ្យខ្ញុំបាត់សេរីភាពហ្មង! ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមែនតែការដើរលេងជាឯកជននោះទេ ដែលនាំរវល់ដល់កម្លាំងការពារសន្តិសុខ សូម្បីតែសម្ដេច អញ្ជើញទៅវាយកូនគោល ក៏ទាមទារក្រុមអង្គរក្សរឹតបន្តឹងសន្តិសុខជូនដែរ ដូចជា៖ ការរាវមីននៅកន្លែងវាយកូនគោលជាដើម ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner