ធនាគារកណ្តាលវៀតណាមនឹងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ សម្រាប់អាជីវកម្មដែលកំពុងជួបការលំបាក

ហាណូយ៖ ធនាគារកណ្តាលរបស់ប្រទេសវៀតណាម នៅថ្ងៃទី២៤ ខែមេសា បានបញ្ជាក់ថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ សម្រាប់អាជីវកម្មមួយចំនួនដែលប្រឈមនឹងការលំបាក រួមទាំងការពន្យារពេលការសងប្រាក់កម្ចីរហូតដល់១២ខែ ដោយសារតែធនាគារនេះព្យាយាមស្វែងរកការជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

ធនាគាររដ្ឋវៀតណាម (SBV) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ នឹងត្រូវអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ទន្ទឹមគ្នា រដ្ឋាភិបាលវៀតណាមបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីងជិញ កាលពីចុងសប្តាហ៍មុននេះ បានស្នើឱ្យធនាគាររដ្ឋវៀតណាម (SBV) រៀបចំផែនការកំណត់គោលដៅដាក់បន្ថែមក្រុមហ៊ុនផ្សេងទៀត សម្រាប់ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី និងពង្រីកពេលវេលា។

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម លោក ជិញ នៅក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះជាមួយធនាគារកណ្តាល ក៏បានអំពាវនាវឱ្យធនាគារពាណិជ្ជកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីជួយដល់ម្ចាស់អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ បាននិងកំពុងតស៊ូជាមួយនឹងការធ្លាក់ចុះនៃតម្រូវការសកល ខណៈដែលការនាំចេញបានធ្លាក់ចុះ ១១.៩ភាគរយនៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នា កំណើនសេដ្ឋកិច្ចរបស់វៀតណាមក៏បានធ្លាក់ចុះមកនៅត្រឹម ៣.៣២ភាគរយផងដែរ ក្នុងអំឡុងខែមករា ដល់ខែមីនា បើធៀបនឹងការកើនឡើង ៥.៩២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ហើយធនាគាររដ្ឋវៀតណាម (SBV) កាលពីខែមុន បានកាត់បន្ថយអត្រាគោលនយោបាយមួយចំនួនដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner