អ្នកវិភាគ៖ ទីផ្សារអចលនទ្រព្យចិនកំពុងមានភាពប្រសើរឡើងវិញ ប៉ុន្តែការរីកចម្រើនខ្លាំងដូចពេលមុនមិនអាចទៅរួចនោះទេ
ប៉េកាំង៖ កាលពីឆ្នាំ២០២២ម្ចាស់អភិវឌ្ឍន៍គម្រោងអចលនទ្រព្យនៅប្រទេសចិនបានប្រឈមមុខនឹងវិបត្តិលំនៅឋានយ៉ាងធ្ងន់ធ្ងរ តែទោះយ៉ាងណាបច្ចុប្បន្ននេះ ម្ចាស់គម្រោងអភិវឌ្ឍន៍មួយចំនួនកំពុងចាប់ផ្តើមងើបឡើងវិញបន្តិចម្ដងៗ។ ទន្ទឹមនេះអ្នកជំនាញបានព្រមានថា ក្នុងរយៈពេលវែង កំណើនរបស់វិស័យនេះនឹងវិវត្តទៅក្នុងល្បឿនយឺតខ្លាំងបំផុត។
គួររំឭកថា វិស័យអចលនទ្រព្យនៅប្រទេសចិនមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយសារតែមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងក្នុងឆ្នាំ១៩៩៨ ហើយអស់រយៈពេលពីរទសវត្សរ៍មកហើយដែលម្ចាស់គម្រោងអភិវឌ្ឍន៍ មានភាពងាយស្រួលខ្លាំងក្នុងការទទួលបានប្រាក់កម្ចីពីធនាគាគារ។ ទីបំផុត បំណុលរបស់ពួកគេបានកើនឡើងខ្ពស់ហួសប្រមាណ បណ្ដាលឱ្យមានការរឹតបន្តឹងលើលទ្ធភាពទទួលបានសាច់ប្រាក់នៅឆ្នាំ២០២០។
ជាលទ្ធផល លទ្ធភាពទទួលបានឥណទានត្រូវបានកាត់បន្ថយ ហើយតម្រូវការអចលនទ្រព្យមានការថយចុះ ដោយសារតែសេដ្ឋកិច្ចក៏កំពុងធ្លាក់ចុះដូចគ្នា និងបញ្ហាកង្វះទំនុកចិត្តជាដើម។ ស្ថានភាពកាន់តែអាក្រក់ទៅ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យឈានមុខគេឈ្មោះថា Evergrande ស្ទើរតែក្ស័យធន បណ្តាលឱ្យអ្នកទិញខ្លាចរអា មិនហ៊ានទៅរកទិញពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យដទៃទៀត។ ប៉ុន្តែនៅក្នុងខែនេះ ក្រុមហ៊ុន Evergrande បានចុះកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយនឹងបណ្ដាម្ចាស់បំណុលអន្តរជាតិមួយចំនួន ដើម្បីគ្រប់គ្រងបំណុលដ៏ធំរបស់ពួកគេ ដែលការនេះអាចជាដំណើរវិវត្តទៅមុខដ៏វិជ្ជមានមួយ។
គួរកត់សម្គាល់ថា នៅក្នុងប្រទេសចិន ផ្ទះថ្មី ឬខុនដូរថ្មីភាគច្រើន ត្រូវបានទិញមុនពេលការសាងសង់បានចាប់ផ្តើមទៅទៀត ហើយទីផ្សារអចលនទ្រព្យបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ពោលគឺចំនួននៃការលក់បានធ្លាក់ចុះរហូតដល់ទៅ ២៤ភាគរយ។ ម៉្យាងទៀត ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យអ្នកទិញជាច្រើនបានពន្យារពេលនៃការទិញដោយសារតែពួកគេជួបការលំបាកខ្លាំង។ វិស័យនេះក៏រងផលប៉ះពាល់ខ្លាំងផងដែរ នៅពេលដែលអ្នកទិញផ្ទះភាគច្រើនមិនព្រមបង់ប្រាក់ធនាគារ បន្ទាប់ពីម្ចាស់អភិវឌ្ឍន៍គម្រោងបានបញ្ឈប់ការសាងសង់ដោយសារតែខ្វះទុន។
យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារ Fitch Ratings ទីផ្សារអចលនទ្រព្យចិនបានចាប់ផ្ដើមបង្ហាញពីសញ្ញាស្ថិរភាពឡើងវិញ បន្ទាប់ពីជួបការលំបាកខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការិយាល័យស្ថិតិជាតិ (NBS) ក៏បានរាយការណ៍ពីការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងធំៗនៅទូទាំងប្រទេសចិន ក្នុងនោះទីក្រុងចំនួន ៦៤ ក្នុងចំណោមទីក្រុងចំនួន ៧០ មានការកើនឡើងតម្លៃមកវិញនៅក្នុងខែមីនានេះ បើធៀបទៅនឹងកាលពីខែកុម្ភៈ មានតែ ៥៥ ទីក្រុង និងខែមករា ៣៦ ទីក្រុងប៉ុណ្ណោះដែលតម្លៃទីផ្សារមានការកើនឡើង។
យោងតាមលោក Shehzad Qazi នាយកគ្រប់គ្រងនៃក្រុមហ៊ុន China Beige Book បានឱ្យដឹងថា «ការងើបឡើងវិញរបស់វិស័យអចលនទ្រព្យនៅប្រទេសចិន គឺជាសញ្ញាវិជ្ជមានមួយ»។ ទោះជាយ៉ាងណា លោក John Lam មកពីធនាគារ UBS បានព្យាករណ៍ថា «បើទោះបីជាអាចមានការស្ទុះងើបឡើងវិញក្នុងរយៈពេលពីរទៅបីខែចុងក្រោយនេះក៏ដោយ ប៉ុន្តែនិន្នាការធ្លាក់ចុះនៃចំនួនប្រជាជនចិន ដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ នឹងក្លាយជាកត្តាថយចុះនៃតម្រូវការអចលនទ្រព្យក្នុងរយៈពេលយូរទៅខាងមុខ»។
បន្ថែមលើនេះ លោក Shehzad Qazi បានយល់ឃើញថា បើទោះបីជាមានការស្ទុះងើបឡើងវិញជាបណ្ដោះអាសន្នក៏ដោយ ក៏យុគសម័យនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ឧស្សាហកម្មអចលនទ្រព្យនៅប្រទេសចិន ទំនងជាត្រូវបានបិទបញ្ចប់ហើយ។
នៅក្នុងខែមីនាកន្លងទៅនេះ ចំនួនអគារថ្មីដែលចាប់ផ្តើមសាងសង់បានធ្លាក់ចុះ ២៩ ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ ៩,៤ ភាគរយនៅក្នុងខែមករាដល់ខែកុម្ភៈ នេះបើយោងតាមតួលេខចុងក្រោយរបស់ការិយាល័យស្ថិតិជាតិ។ គ្រប់បណ្ដាម្ចាស់អភិវឌ្ឍន៍គម្រោងទាំងអស់ មានការប្រុងប្រយ័ត្នខ្លាំង និងផ្តល់អាទិភាពដល់គម្រោងដែលមានស្រាប់ជាជាងបង្កើតគម្រោងថ្មី។ នេះបើយោងតាមសេដ្ឋវិទូ លោក Larry Hu។
លោកបានព្រមានថា៖ «វិស័យនេះគឺស្ថិតក្នុងការកែលម្អ ប៉ុន្តែមិនទាន់រួចចេញពីវិបត្តិនៅឡើយទេ»។ លោកក៏បានព្រមានដែរថា ៖ «ទីក្រុងទាំងអស់នេះអាចជួបប្រទះនឹងលំហូរចេញនៃចំនួនប្រជាជននាពេលអនាគតទៀតផង»៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Signs of hope for China property market, but boom is over: Analysts