គណបក្សនយោបាយចំនួនបួនបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់
ភ្នំពេញ៖ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃដំបូងនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួនបួនបានចុះបញ្ជីរួចរាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។គណបក្សទាំង៤នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណកប្សធម្មាតេយ្យ និងគណបក្សខ្មែររួមរួមជាតិ។នេះបើតាមការប្រាប់ឱ្យដឹងពីឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ២៤ ខែមេសា ។
ឯកឧត្តមបានបន្តថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អាចមានរយៈពេល ១៥ ថ្ងៃក្នុងការចុះបញ្ជី គឺចាប់ផ្ដើមពីថ្ងៃទី២៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ទាក់ទងនឹងការចុះបញ្ជីនេះ លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊ុនស៊ិនប៉ិច បានឱ្យដឹងថា គណបក្សរបស់លោកបានរៀបចំឯកសារ និងបេក្ខជនរួចរាល់អស់ហើយ ប៉ុន្តែមិនទាន់បានទៅចុះបញ្ជីបេក្ខជននៅឡើយ នៅថ្ងៃចាប់ផ្តើមដំបូងនេះ ដោយសារមានឯកសារមួយចំនួនទៀត ត្រូវរងចាំការសម្រេច និងកែតម្រូវពីថ្នាក់ដឹកនាំបន្ថែម។
លោកបានបញ្ជាក់ថា ៖ «សម្រាប់បេក្ខជនឈរបោះឆ្នោតនេះ នឹងត្រូវដាក់នៅគ្រប់រាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស តែដោយឡែកបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រី គឺមានព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ដែលជាព្រះរាជបុត្ររបស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ហើយព្រះអង្គបានឈរឈ្មោះនៅរាជធានីភ្នំពេញផងដែរ»។
ចំណែក លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ក៏បានឱ្យដឹងដែរថា នៅថ្ងៃដំបូងនេះ គណក្សលោកនៅមិនទាន់រៀបចំឯកសារ និងបេក្ខជនបានរួចរាល់នៅឡើយទេ ព្រោះមានបេក្ខជនច្រើន ហើយត្រូវជ្រើសរើសយកបេក្ខជនរូបណាដែលមានសក្តានុពលសម្រាប់ធ្វើការឈរឈ្មោះនៅតាមមណ្ឌលនីមួយៗ ដើម្បីទាញចំណាប់អារម្មណ៍ពីប្រជាបលរដ្ឋ។
លោកបានលើកឡើងដែរថា គណបក្សនឹងរៀបចំឱ្យទាន់ពេលវេលាតាមការកំណត់របស់គ.ជ.ប ហើយចំពោះការជ្រើសរើសបេក្ខភាពជានាយករដ្ឋមន្ត្រី គណបក្សនេះក៏នៅមិនទាន់ត្រូវបានជ្រើសរើសនៅឡើយដែរ។
រីឯ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រាប់ថា គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តរបស់បក្សលោករួចរាល់ហើយនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
លោកបានថ្លែងថា ៖ «គណបក្សយើងបានដាក់បេក្ខជនទាំងបម្រុង និងពេញសិទ្ធិសរុបទាំងអស់ចំនួន ២៦៦ បេក្ខជននៅគ្រប់រាជធានីខេត្តទាំង ២៥ ដែលកាលពីបោះឆ្នោតលើកមុនបានត្រឹមតែ ១៧ រាជធានីខេត្តប៉ុណ្ណោះ ហើយការបោះឆ្នោតលើកនេះគណបក្សនឹងទទួលបានការគាំទ្រ តាមរយៈសន្លឹកឆ្នោតរបស់ពលរដ្ឋក្នុងការបង្កើតមនុស្សថ្មីសម្រាប់បម្រើការងារជូនពួកគាត់នៅពេលដែលពួកគាត់ជួបទុក្ខលំបាក»៕
ដោយ៖គឹម យុត្ថារ៉ូ