លោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២៣ខែមេសាបានបអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការ គួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជានៅគេហដ្ឋានសម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល។ ការអនុញ្ញាតនេះបន្ទាប់ពីលោក ហ៊ុ ន កុសល សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ។

គួរបញ្ជាក់ថា លោក ហ៊ុន កុសល គឺជាអតីតសកម្មជនគាំទ្រអតីតគណបក្សសង្គ្រោះ ជាតិ ហើយក៏ជាអ្នកតែងតែរិះគន់ និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា ផងដែរ។
លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ និងឃុំខ្លួននៅពន្ធនាគារព្រៃស កាល ពី ថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២៣ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេលប្រមាណ៣១ថ្ងៃ លោកត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២២ ខែមេសា។ មួយថ្ងៃបន្ទាប់លោក ក៏បានសូមចូល រួម ជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
ក្នុងវីដេអូសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក ហ៊ុន កុសល បានទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួននាពេលកន្លងទៅ៕ ដោយ៖ពលជ័យ
