ប្រាំឆ្នាំមកនេះខេត្តស្ទឹងត្រែងរកចំណូលបានប្រមាណ៨០០លានដុល្លារពីផលិតផលកសិកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានឱ្យដឹងថា ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងភាគច្រើន រស់នៅចិញ្ចឹមជីវភាពដោយពឹងផ្អែកលើវិស័យកសិកម្ម ដែលមានការធ្វើស្រែ ចម្ការ ដាំដំណាំកសិឧស្សាហកម្មនិងការនេសាទជាដើម។ទន្ទឹមគ្នានេះបើគិតត្រឹមរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ផលិតផលកសិកម្ម បានរកចំណូលជូនខេត្តស្ទឹងត្រែងបានចន្លោះពី៧០០ ទៅ៨០០លានដុល្លារថែមទៀត។ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ» របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ខេត្តស្ទឹងត្រែងមានទន្លេហូរកាត់ចំនួនបួន រួមមាន ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រពក ដែលទន្លេទាំងបួននេះ កំពុងរួមចំណែកចូលរួមយ៉ាងសកម្មដល់វិស័យកសិកម្ម ជាប្រភពត្រីមេពូជ និងធនធានជលផលសំខាន់ៗសម្រាប់ខេត្តស្ទឹងត្រែង។

ជាមួយគ្នានេះ ខេត្តស្ទឹងត្រែង មានផ្ទៃដីដាំដុះដំណាំកសិកម្មសរុបប្រមាណ ១០ ០០០ ហិកតា ក្នុងនោះ ដំណាំស្រូវមានប្រមាណ ២៧ ៨០០ហិកតា ស្វាយចន្ទីមាន ៤៤ ៥២៧ហិកតា កៅស៊ូ ១៣ ៤៤១ ហិកតា ដំឡូងមី ២៥ ០៦៧ហិកតា ស្វាយ ៣ ៩៨០ ហិកតា និងដំណាំរួមផ្សំប្រមាណជាង ៤០០ ហិកតា។

លោក ទុំ នីរ៉ូ បន្តថា ៖ «វិស័យកសិកម្មនៅក្នុងខេត្តស្ទឹងត្រែង មានកំណើន ពី៦ភាគរយ ទៅ៧ភាគរយ ក្នុងមួយឆ្នាំៗ ក្នុងចំណោមវិស័យសក្តានុពលសំខាន់របស់ខេត្ត វិស័យកសិកម្ម ត្រូវបានចាត់ទុកជាវិស័យសក្តានុពលសំខាន់មួយ សម្រេចជួយលើកស្ទួយកំណើនសេដ្ឋកិច្ចប្រជាកសិករនៅទីជនបទ ខណៈវិស័យនេះរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ឬ(GDP)របស់ខេត្ត ប្រមាណ៦៧ភាគរយ ទៅ៦៩ភាគរយថែមទៀត »។

បើតាមប្រធានមន្ទីរកសិកម្មដដែល បានបង្ហាញថា ក្នុងរយៈពេលប្រាំឆ្នាំមកនេះ ពោលបើគិតពីឆ្នាំ២០១៨ ដល់២០២២ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្ម មានចំណូលប្រមាណ ៧០០ ទៅ៨០០លានដុល្លារអាមេរិក ដែលបានមកពីផលិតផលកសិកម្មដែលផលិតបានរបស់ខេត្តរួមមាន ដំណាំកសិកម្មគ្រប់ប្រភេទដូចជា ស្រូវ ស្វាយចន្ទី កៅស៊ូ ដំឡូងមីជាដើម លើសពីនេះ ក៏មានវិស័យជលផល និងសត្វចិញ្ចឹមផងដែរ។

លោកបានបញ្ជាក់ថា «ទិន្នផលដែលផលិតបានក្នុងខេត្ត មានចន្លោះពី៩០ ទៅ១០០ពាន់តោន ក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណជាង ១០០ លានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចខេត្ត ហើយបើយើងគិតសរុបក្នុងរយៈប្រាំឆ្នាំមកនេះ ខេត្តស្ទឹងត្រែងរកចំណូលបានចន្លោះពី៧០០ ទៅ ៨០០លានដុល្លារពីផលិតផលកសិកម្ម ដែលនេះជាចំនួនច្រើនសម្រាប់សេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល បើទោះជាខេត្តស្ទឹងត្រែងមិនមានតំបន់រោងក្រ ឧស្សាហកម្ម និងសិប្បកម្មធំៗក្តី»។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងដែរថា បច្ចុប្បន្នកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ បានកើនឡើងពី ១.៤២៣ ដុល្លារ ក្នុង ឆ្នាំ២០១៨ ដល់ ១.៥៨៥ ដុល្លារ ក្នុងឆ្នាំ២០២៣ និងអត្រាភាពក្រីក្រថយចុះពី ២៣ភាគរយ ក្នុងឆ្នាំ ២០១៨ មកត្រឹម ២១ភាគរយ ក្នុងឆ្នាំ២០២៣។

ឯកឧត្តមបន្តថា ដោយសារខេត្តមានផ្ទៃដីធំទូលាយ អាចវិនិយោគលើវិស័យកសិឧស្សាហកម្ម និងផលិតកម្មកសិកម្ម ហេតុនេះជាទិសដៅចម្បងរបស់ខេត្ត នឹងខិតខំពង្រីកទីផ្សារកសិផលកសិកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងគ្រួសារប្រជាពលរដ្ឋ តាមរយៈការជំរុញការវិនិយោគ ពិនិត្យលទ្ធភាព និងសិក្សាអនុវត្តគោលនយោបាយជួយដល់ប្រជាកសិករ ដើម្បីថែរក្សា ស្ថិរភាពថ្លៃកសិផល ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងមួយឆ្នាំៗ បរិមាណផលស្រូវ សម្រេចប្រមាណ ៧៣ ០០០ តោន, ដំណាំសាកវប្បកម្ម ទទួលបានផលក្នុងរង្វង់ ៤៥ ០០០ តោន, ដំណាំឧស្សាហកម្ម ដូចជា៖ ដំឡូងមី សណ្ដែកដី សណ្តែកសៀង អំពៅ ល្ង ជាដើម សម្រេចបាន ៥ពាន់តោន, គ្រាប់ស្វាយចន្ទី ទាំងការប្រមូលផល និងលក់ចេញ សម្រេចប្រមាណ ២៥ ០០០តោន។ ស្វាយកែវរមៀត ទទួលផលបានជាង ១ ៥០០តោន, ផលិតកម្មដំណាំកៅស៊ូ ទទួលបានផលិតផលជ័រកៅស៊ូជាង ២៣ ៧១៦តោន។ ចំណែកឯ ផលិតកម្មសត្វជាលក្ខណៈគ្រួសារ និងអាជីវកម្មវិញ បានកើនឡើងដល់ជាង ៩០ម៉ឺន ក្បាល ដើម្បីផ្គត់ផ្គង់តម្រូវការ កើនឡើងជិត ៣ពាន់តោន ខណៈផលនេសាទទឹកសាប និងវារីវប្បកម្ម ក៏សម្រេចបានប្រមាណ ៤ពាន់តោនក្នុងមួយឆ្នាំៗផងដែរ៕ ដោយ៖ សែម ពិសី

ads banner