ការចំណាយលើវិស័យយោធាពិភពលោកឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់ជាង ២,២ ទ្រីលានដុល្លារ

អន្តរជាតិ៖វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការចំណាយលើវិស័យយោធាទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ក្នុងចំនួនប្រមាណ ២,២៤ ទ្រីលានដុល្លារ ខណៈការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីគឺជាកត្តាជំរុញដ៏សំខាន់ ដែលធ្វើឱ្យអឺរ៉ុបបង្កើនការចំណាយផ្នែកយោធាយ៉ាងគំហុក។

របាយការណ៍ប្រចាំឆ្នាំស្ដីពីការចំណាយលើវិស័យយោធាពិភពលោក និងចេញផ្សាយនៅថ្ងៃចន្ទ បាននិយាយផងដែរថា ការចំណាយសកលបានកើនឡើងក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។

អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីធ្វើការទាក់ទងនឹងការចំណាយយោធា និងការផលិតអាវុធរបស់ SIPRIលោក Nan Tian បាននិយាយថា ៖ «ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យយោធាពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងរស់នៅក្នុងពិភពលោកដែលមានសុវត្ថិភាពកាន់តែខ្លាំងឡើង»។

លោកបានបន្តថា ៖ «រដ្ឋនានា កំពុងពង្រឹងកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន ដែលពួកគេមិនរំពឹងទុកថាវានឹងមានភាពប្រសើរឡើងនាពេលខាងមុខ»។

របាយការណ៍របស់ SIPRI បញ្ជាក់ថា សម្រាប់នៅអឺរ៉ុប ការចំណាយផ្នែកយោធាក្នុងឆ្នាំ ២០២២ បានកើនឡើងរហូតដល់ ១៣ ភាគរយ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំ។ SIPRI បាននិយាយថា ភាគច្រើននៃកំណើននេះ មានទំនាក់ទំនងជាមួយនឹងបញ្ហារុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែប្រទេសផ្សេងទៀតក៏បានបង្កើនការចំណាយយោធារបស់ខ្លួនផងដែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ី។

អ្នកស្រាវជ្រាវដូចគ្នារបស់ SIPRI ម្នាក់ទៀត លោក Lorenzo Scarazato បាននិយាយថា ៖ «ខណៈការលុកលុយអ៊ុយក្រែនទ្រង់ទ្រាយធំ(របស់រុស្ស៊ី)នៅខែកុម្ភៈឆ្នាំ ២០២២ ប្រាកដជាប៉ះពាល់ដល់ការសម្រេចចិត្តចំណាយយោធានៅឆ្នាំ ២០២២ ក្តីបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ី បានមានរួចស្រេចទៅហើយ»។ លោកបន្តថា៖ «បណ្ដាអតីតសមាជិកប្លុករដ្ឋខាងកើត (Eastern Bloc) ជាច្រើនបានបង្កើនការចំណាយយោធារបស់ខ្លួនច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ ២០១៤ ដែលជាឆ្នាំរុស្ស៊ីកាត់ទឹកដីគ្រីមៀរាប់ថាជារបស់ខ្លួន»។

បើតាមព័ត៌មានលម្អិតរបស់របាយការណ៍ SIPRI ការចំណាយយោធានៅអ៊ុយក្រែនបានកើនឡើងច្រើនជាង ៦ ដងក្នុងឆ្នាំ ២០២២ ឬស្មើនឹង ៤៤ ប៊ីលានដុល្លារ ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមកក្នុងរយៈពេលមួយឆ្នាំ។ មិនខុសពីគ្នានេះដែរ ការចំណាយយោធារបស់រុស្ស៊ី បានកើនឡើងចំនួន ៩,២ ភាគរយ ឬប្រហែល ៨៦,៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២។

របាយការណ៍បង្ហាញទៀតថា សហរដ្ឋអាមេរិកនៅតែជាប្រទេសចំណាយយោធាដ៏ធំបំផុតរបស់ពិភពលោក ពោលគឺកើនឡើងដល់ ០,៧ ភាគរយ ឬស្មើនឹង ៨៨៧ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ដែលចំនួននេះស្មើនឹង ៣៩ ភាគរយនៃការចំណាយលើវិស័យយោធាទូទាំងពិភពលោក។

លោក Nan Tian បានគូសបញ្ជាក់ថា ការកើនឡើងនេះដោយសារតែការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនរហូតដល់ ១៩,៩ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២។ ចំណែកឯចិន នៅតែជាប្រទេសចំណាយយោធាច្រើនជាងគេទី២របស់ពិភពលោកក្នុងឆ្នាំ ២០២២ ដូចគ្នា ក្នុងទំហំទឹកប្រាក់ប្រមាណ ២៩២ ប៊ីលានដុល្លារ ដែលជាការកើនឡើងជាង ៤,២ ភាគរយពីឆ្នាំ ២០២១។ ចំណែកឯប្រទេសជប៉ុនឯណោះវិញ ការចំណាយលើវិស័យយោធាក្នុងរយៈពេលដូចគ្នា មានដល់ ៤៦ ប៊ីលានដុល្លារ ដែលកើនឡើង ៥,៩ ភាគរយពីឆ្នាំ ២០២១ និងជាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦០។

សរុបជារួម ជប៉ុន និងចិន បាននាំមុខលើការចំណាយផ្នែកយោធានៅអាស៊ី និងអូសេអានី ដែលការចំណែកផ្នែកយោធាមានប្រមាណ ៥៧៥ ប៊ីលានដុល្លារ។ SIPRI និយាយថា ការចំណាយផ្នែកយោធាក្នុងតំបន់ទាំងនេះ បានកើនឡើងចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ១៩៨៩ ហើយកំណើនចុងក្រោយ កើតមានឡើងដោយសារតែភាពតានតឹងភូមិសាស្រ្តនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner