ក្រសួងអប់រំ រៀបចំពិព័រណ៍ស្នាដៃគំនូរកុមារចំនួន២៤០ផ្ទាំងដើម្បីគាំទ្រយុទ្ធនាការ«Beyond The Games»
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិព័រណ៌ស្នាដៃគំនូរកុមារចំនួន២៤០ ផ្ទាំង នាសួនច្បារនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមេសា ដើម្បីគាំទ្រយុទ្ធនាការ «Beyond The Games»។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសានេះថា ពិព័រណ៍ស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond The Games នេះ នឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈ នៅសួនច្បារនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលពិព័រណ៍នេះសហការរវាងក្រសួង និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ៖ «មានផ្ទាំងគំនូរប្រមាណមួយម៉ឺនផ្ទាំង ត្រូវបានបង្កើតឡើងចេញពីភាសាបេះដូងរបស់កុមារ ហើយក្នុងចំណោមផ្ទាំងគំនូរប្រមាណមួយម៉ឺនផ្ទាំងនោះ មានតែផ្ទាំងគំនូរចំនួន ២៤០ផ្ទាំងប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសចេញពីស្នាដៃទាំងនោះ នឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈនៅលើសួនច្បារនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣»។
ក្រៅពីការដាក់តាំងបង្ហាញគំនូរជាសាធារណៈហើយ សាធារណៈជនអាចបោះឆ្នោតគាំទ្រលើផ្ទាំងគំនូរទាំងឡាយដែលដាក់តាំងបង្ហាញនៅសួនច្បារនៃវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដោយការស្កេនលើ QR Code ដែលមាននៅលើផ្ទាំងគំនូរទាំងនោះ។
ក្រសួងបានបន្ថែមថា គ្រឹះស្ថានសិក្សា ក៏អាចរៀបចំទស្សនកិច្ចសិក្សា ហើយសាធារណជន ក៏អាចចូលរួមទស្សនាពិព័រណ៌ស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond The Games ដើម្បីបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានលើកឡើងដែរថា ការរៀបចំព្រឹត្តិការណ៍ប្រកួតគំនូរ និងតាំងពិព័រណ៍គំនូររបស់កុមារ ជារឿងល្អ។
លោកស្រីថា៖ «ចំពោះខ្ញុំអ្វីដែលយើងគាំទ្រឱ្យមានការប្រកួតគំនូរនោះគឺវាល្អហើយ ប៉ុន្តែប្រធានបទ បេះដូងលោតតែមួយនេះ គឺវាអត់ប្រយោជន៍ទេ គ្រាន់តែធ្វើឲ្យល្អមើល តែបើផ្ដោតទៅលើបញ្ហាកីឡានោះវាជារឿងប្រសើរជាង»៕ ដោយ៖ ជា សុខនី
