៣ខែដំបូងនៃឆ្នាំ២០២៣នេះ ចរាចរណ៍អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកំណើនល្អ
ភ្នំពេញ៖សម្រាប់រយៈ៣ខែដំបូងឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិទំាងបីនៃព្រះរាជាណាចក្រកម្ពុជាគឺ ភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុទទួលបានអ្នកដំណើរសរុបចំនួន១,២លាននាក់។ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញនិងខេត្តសៀមរាប មាននិន្នាការកើនឡើងប្រកបភាពភាពជឿជាក់។នេះជាតួលេខដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិទាំងបី។

កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការតាមដាននិងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបានដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី២ នៃគណៈកម្មការ ដែលមានការចូលរួមពីសមាជិកសមាជិកាមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុន សម្បទាន SCA ។
ប្រភពពីមន្រ្តីចូលរួមបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យមើលការងារដែលបានអនុវត្តនៅអាកាសយានដ្ឋានអន្តរជាតិ ទំាងបីនៅកម្ពុជាមាន ភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការងារសំខាន់គឺ ការជួសជុលផ្លូវបរយន្តហោះដើម្បីការពារសុវត្ថិភាពសម្រាប់យន្តហោះ។ចំណែកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកំពុងអនុវត្តការងារបន្តពីឆ្នាំកន្លងទៅនោះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រដល់ការសាងសង់ស្ថានីយអ្នកដំណើរថ្មី។ ដោយឡែកចំពោះអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប តាមរយៈការណែនាំរបស់គណៈកម្មការក្រុមហ៊ុនមិនមានគម្រោង វិនិយោគបន្ថែមនោះទេ គឺរក្សាទុកត្រឹមការថែទំាជួសជុល ដែលចាំបាច់បំផុតរហូតដល់អាកាសយានដ្ឋានថ្មីបើកដំណើរការ។

ប្រភពដដែលបន្តថា យោងតាមរបាយការណ៍ជូនអង្គប្រជុំបានបង្ហាញពីចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងខេត្តសៀមរាប មាននិន្នាការកើនឡើងប្រកបភាពភាពជឿជាក់។ ជាក់ស្តែងសម្រាប់៣ខែដំបូងមនៃឆ្នាំនេះអាកាសយានដ្ឋាន អន្តរជាតិទំាងបីនៃព្រះរាជាណាចក្រកម្ពុជា គឺ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ទទួលបានអ្នកដំណើរសរុប ១,២លាននាក់។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានដំណើរ៩៤ម៉ឺននាក់ស្មើនឹង៦០ភាគរយនៃចំនួនអ្នកដំណើនៅឆ្នាំ២០១៩។
ក្នុងរយៈពេលដូចគ្នានេះ ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានទំាងបីបានកើនឡើងជាបន្តបន្ទាប់ ហើយគណៈកម្មការសង្ឃឹមថា ចំនួននឹងបន្តកើនឡើងទៀតខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍។




រូបថត៖គណៈកម្មការតាមដាននិងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា