ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោនិងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងសកម្មភាព សង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ
ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបគឺការថែរក្សា អាយុជីវិតរបស់ខ្លួននិងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារនិងទំនុកបម្រុងឱ្យមាន អាយុជីវិតបន្តទៅទៀត។
ឯកឧត្តមបណ្ឌិតបន្តថាក្នុងបុព្វហេតុនេះសម្តេចតេជោនិងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងសកម្មភាពសង្គ្រោះ អាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍ការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋអ្នកស្រុកព្រៃនប់ ក៏ដូចជាអ្នកខេត្តព្រះសីហនុទាំងមូលដែលតែងជឿទុកចិត្តលើ ការដឹកនាំរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងយូរអង្វែងតរៀងទៅ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំសំរុង ស្រុកពៃ្រនប់ ក៏ដូចជាទូទាំងខេត្តព្រះសីហនុ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានកត្តាបីយ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានាអាចប្រព្រឹត្ត ទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាពដែលបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្តនិង ទី៣. កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលផ្តល់លទ្ធភាពក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានាតាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមាន។
សូមជម្រាបថា ការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ