វិមានឯករាជ្យខេត្តបាត់ដំបង គ្រោងនឹងសាងសង់រួចរាល់នៅដើមខែឧសភាខាងមុខនេះ

អត្ថបទដោយ៖
CPA

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ក្រុមការងារសាងសង់វិមានឯករាជ្យ បានសម្រេចដំណើរការនៃការសាងសង់វិមានឯករាជ្យបានប្រហែលជាង៨០ភាគរយហើយ។ ការដ្ឋាននេះគ្រោងនឹងរួចរាល់នៅដើមខែឧសភាខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យជាបន្តទៀត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២៤ ខែមេសាបានសរសេរថា ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យ ខណៈដែលបច្ចុប្បន្ននេះដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥ភាគរយហើយ។

ប្រភពដដែលបន្តថា ក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ ទាំងថ្ងៃ ដែលធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ក្រុមការងារដែលសាងសង់វិមានឯករាជ្យខេត្តបាត់ដំបង កំពុងតែសម្រុកធ្វើវិមានឯករាជ្យ និងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជុំវិញវិមានឯករាជ្យនេះ ឲ្យបានរួចរាល់នាពេលខាងមុខនេះ ដើម្បីបង្ហាញឲ្យអ្នកជំនាន់ក្រោយបានដឹង បានគោរព និងជាការរំលឹកទៅដល់ព្រះបាទនរោត្តមសីហនុ ដែលទ្រង់បានទាមទារឯករាជ្យជាតិពីប្រទេសបារាំង។

លោកបានថ្លែងថា ៖ « ការធ្វើវិមានឯករាជ្យ គឺដើម្បីរំលឹកដល់គុណូបការៈរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុផង ហើយក៏ជាបង្ហាញឱ្យឃើញថា នេះគឺជាថ្ងៃបុណ្យជាតិរបស់ប្រទេស របស់ប្រជាជន។ ដូច្នេះយើងចាំបាច់ត្រូវតែកសាងវិមានឯករាជ្យនេះឡើង ដើម្បីយើងធ្វើខួបជារៀងរាល់ឆ្នាំ ៩វិច្ឆិកា»។

លោកបានបន្ថែមថា នេះក៏ដើម្បីបង្ហាញឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងដឹងលឺថាកាលដែលកម្ពុជាអាចបានឯករាជ្យពីប្រទេសបារាំង មិនមែនខាងប្រទេសបារាំងឱ្យដោយងាយស្រួលឯកឯងនោះទេ គឺដោយសារតែការធ្វើពលីកម្មរបស់បុព្វបុរសខ្មែរ ជាពិសេសព្រះរាជបូនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ទើបបានជាកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សូមបញ្ជាក់ថា វិមានឯករាជ្យខេត្តបាត់ដំបង បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង៕ ដោយ៖ ជា សុខនី

ads banner