សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ឱ្យមានការកសាងអគារស្នាក់ ឬផ្ទះសម្រាប់គ្រូបង្រៀនដំណាលគ្នានឹងពេលកសាងសាលារៀន
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ពេលមានការសាងសង់សាលារៀននិងអគារសិក្សាណាមួយ ចាំបាច់ត្រូវគិតលើការកសាងអគារស្នាក់នៅ ឬផ្ទះសម្រាប់គ្រូបង្រៀនក្នុងពេលដំណាលគ្នាតែម្តង។សម្ដេចតេជោក៏បានអំពាវនាវដល់សប្បុរសជន និងអភិបាលខេត្តនានាឱ្យយកចិត្តទុកដាក់ក្នុងការកសាងកន្លែងស្នាក់នេះផងដែរ ដើម្បីទាក់ទាញគ្រូពូកែមកកាន់សាលា និងខេត្តរបស់ខ្លួន។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងបុគ្គលិកអប់រំជាងពីរពាន់នាក់ នាវិទ្យាស្ថានជាតិអប់រំ (NIE) កាលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ខ្ញុំសូមអំពាវនាវដល់អ្នកដែលជួយកសាងសាលា សូមឱ្យជួយយកចិត្តទុកដល់ការកសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើនតាមដែលអាចធ្វើបាន ព្រោះយើងបានឃើញពិតប្រាកដច្រើនកន្លែងណាស់។ ឃើញថាគ្រូបង្រៀនរបស់យើង ទៅពីឆ្ងាយត្រូវការជួលផ្ទះ ហើយបើខ្ញុំបានស្តាប់គ្រូបង្រៀនម្នាក់នៅកំពង់ស្ពឺ ឃើញថា ពេលខ្លះគ្រូបង្រៀនរបស់យើង យកកូនយកយោលអង្រឹងក្រោមឈើក៏មាន ។ចឹងចាំបាច់ណាស់ត្រូវគិតគូរលើការកសាងផ្ទះគ្រូបង្រៀន ដើម្បីឱ្យគ្រូរបស់យើងមានកន្លែងស្នាក់នៅ»។
ជាមួយគ្នានេះ សម្ដេចតេជោបានបន្តទៀតថា ៖ «បើខេត្ត និងស្រុក ឬឃុំណាដែលឆ្លាត គឺត្រូវប្រឹងប្រែងធ្វើចំណុចនេះ ហើយបើចង់បានគ្រូបង្រៀនល្អនៅកន្លែងរបស់ខ្លួន គឺត្រូវតែមានផ្ទះឱ្យគ្រូស្នាក់នៅ។ អាហ្នឹងប្រាកដជាទាញបានគ្រូបង្រៀនដែលពូកែ និងល្អជាមិនខាន»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់សម្ដេចតេជោហ៊ុន សែន ខាងលើ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិត និងអនុសាសន៍នេះ។
លោកបានប្រាប់ថា ៖ «ការធ្វើបែបនេះ មិនត្រឹមតែអាចទាក់ទាញគ្រូបង្រៀនដែលមានសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យលោកគ្រូ អ្នកគ្រូ មានកន្លែងសម្រាប់សម្រាក់ និងសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងការងារបង្រៀនរបស់ខ្លួនឱ្យកាន់តែខ្លាំងថែមទៀត»។
យោងតាមបាយការណ៍របស់អង្គការយូណេស្កូ (UNESCO) កាលពីពេលកន្លងទៅ ធ្លាប់បានកត់សម្គាល់ថា កង្វះខាតកន្លែងស្នាក់នៅ សម្រាប់គ្រូបង្រៀន ក៏ជាមូលហេតុសំខាន់មួយ ដែលធ្វើឱ្យមានការខ្វះខាតគ្រូបង្រៀននៅតាមបឋមសិក្សា ពិសេសនៅតំបន់ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា បើទោះបីជាក្រសួងអប់រំត្រូវការចំនួនគ្រូបង្រៀនច្រើនក៏ដោយ។
យូណេស្កូបានបញ្ជាក់ដែរថា ចំណុចនេះ ក៏ធ្វើឱ្យគ្រូបង្រៀនមួយចំនួនធំមិនព្រមទៅបង្រៀននៅតំបន់ដាច់ស្រយាលដែលជាហេតុធ្វើឱ្យការអប់រំនៅតាមតំបន់ជនបទនៅមានកម្រិតអន់ថយ។
បើតាមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្លាប់បានបង្ហាញនៅក្នុងទិវាគ្រូបង្រៀន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ថា ក្រសួង បាននិងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀន ដោយបន្តដំឡើងប្រាក់ខែជូនគ្រូបង្រៀន ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមរបស់គ្រូបង្រៀនតាមលទ្ធភាពរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា៕ ដោយ៖ សែម ពិសី