សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានក្នុងទំហំទឹកប្រាក់ជាង ១១៣ លានដុល្លារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម
ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា(CGCC) បានអនុម័តការផ្តល់ឥណទានដែលមានការធានាជាប្រាក់កម្ចីមានទំហំទឹកប្រាក់ជាង១១៣ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម(SME)ជិត ១២៧៥ ក្រុមហ៊ុន/អាជីវកម្ម ដោយគិតត្រឹមចុងខែមីនា ឆ្នាំ២០២៣នេះ។ នេះបើតាមព្រឹត្តិបត្រនៃវឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC។
ក្នុងព្រឹត្តិបត្រនៃវឌ្ឍនភាពនៃការធានាឥណទានសម្រាប់ការផ្តល់កម្ចីជាប្រាក់រៀល ទំហំឥណទានដែលមានការធានា មានចំនួនប្រមាណជាង ៥១,២ ប៊ីលានរៀល។ ចំណែកការកម្ចីជាប្រាក់ដុល្លារ មានទំហំឥណទានដែលមានការធានាក្នុងទឹកប្រាក់ប្រមាណជាង ១០១,០២ លានដុល្លារ។
ការផ្តល់ឥណទាននេះទៀតសោត CGCC បានផ្តល់ឥណទានដែលគ្រប់គ្រងអាជីវកម្មដោយស្រ្តីមានចំនួន ៤៩៧ មូលដ្ឋាន និងអាជីវកម្មមិនមែនគ្រប់គ្រងដោយស្រ្តីចំនួន៧៧៨មូលដ្ឋាន។ក្នុងនោះដែរបានផ្តល់ដល់សហគ្រាសខ្នាតធំ មានចំនួន ១០២ និងការផ្តល់ទៅដល់សហគ្រាសធុនតូច និងមធ្យម មានចំនួន ១ ១៧៣ ។ចំណែកប្រភេទកម្ចីវិញ សម្រាប់ឥណទានមានទ្រព្យធានា មានចំនួន៤៦៤មូលដ្ឋាន និងគ្មានទ្រព្យធានាចំនយន៨១១មូលដ្ឋាន។
កាលពេលថ្មីៗកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ គម្រោងធានាឥណទានជាកញ្ចប់ជំហានបន្ត ដើម្បីជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាលពីដើមឆ្នាំនេះ។
នៅក្នុងពិធីនោះលោក វង់ គី ឡុង(Wong Keet Long )អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ធ្លាប់បានលើកឡើងថា ការធានាឥណទានសម្រាប់វិស័យកសិកម្ម មានប្រមាណ២,៦ភាគរយ, ឧស្សាហកម្ម មាន៨,៣ភាគរយ,សេវាកម្ម មាន១១,៦ភាគរយ ,ពាណិជ្ជកម្មលក់រាយមាន២៩ភាគរយ និងផ្នែកផ្សេងទៀត ៤៨,៤ភាគរយ នៃទំហំទឹកប្រាក់សរុបជាង៩២លានដុល្លារ ក្នុងឆ្នាំ២០២២។
«បញ្ហាប្រឈមទាំងនោះ គឺទាក់ទងទៅនឹងការអភិវឌ្ឍប្រព័ន្ធនៃការធានាឥណទាននៅកម្ពុជា ដែលមានដូចជា បញ្ហារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការលំបាកក្នុងការផ្តល់កម្ចីឱ្យសហគ្រាសទាំងនោះដូច ការមិនទាន់ចុះបញ្ជីជាផ្លូវការ, របាយការណ៍ហិរញ្ញវត្តុ, គម្រោងអាជីវកម្ម, ភាពស្មុគស្មាញនៃនីតិវិធីច្បាប់ ក្នុងការផ្តល់កម្ចីជាដើម»។ នេះជាការលើកឡើងបន្ថែមពីលោក Wong Keet Long។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមេសានេះថា ការផ្តល់ការធានាឥណទានពីសំណាក់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានជួយសម្រួលច្រើនដល់សហគ្រិនស្រ្តី ជាពិសេសការងើបឡើងវិញពីវិបត្តិកូវីដ១៩នេះ។
លោកស្រីបានបញ្ជាក់ថា ៖ «សមាជិកយើងច្រើនដែរ ដែលទទួលបានការអនុម័តកម្ចីពីធនាគារផ្សេងៗ បន្ទាប់ពី CGCC បានផ្តល់ការធានាលើឥណទានទាំងនោះ ដើម្បីឱ្យស្រ្តីយើងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយជួបវិបត្តិ។ យើងរំពឹងថា ក្រោយទទួលបានឥណទាន សហគ្រិនស្ត្រីយើងនឹងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យអាជីវកម្មក្នុងដៃមានភាពប្រសើរឡើងវិញ និងកាន់តែមានភាពរីកចំរើន»។
សូមបញ្ជាក់ថា នៅកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេល២ឆ្នាំកន្លងមកហើយ ដោយនៅក្នុងឆ្នាំ២០២២ CGCC បានអនុម័តឱ្យមានការធានាចំនួន ១៨៥ កម្ចី ដែលមានទឹកប្រាក់សរុប៩២,៧លានដុល្លារ កើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២១។ សាជីវកម្មធានាឥណទានកម្ពុជា មានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ គម្រោងធានាឥណទានជាកញ្ចប់ (Portfolio Guarantee Scheme) ដែលត្រូវដាក់ឱ្យដំណើការក្នុងឆ្នាំនេះ ត្រូវបានស្ថាប័នពាក់ព័ន្ធរំពឹងថា នឹងអនុញ្ញាតឱ្យមានការបញ្ចេញកម្ចីដែលមានការធានាបានលឿន ងាយស្រួល និងមានភាពបត់បែន ដោយ CGCC និង PFI អាចពិភាក្សាគ្នាដើម្បី កំណត់ប្រភេទកម្ចី ប្រភេទអាជីវកម្ម និងអតិថិជនជាក់លាក់ ដើម្បីផ្តល់កម្ចីដែលមានការធានា នៅក្រោមគម្រោងនេះ៕ ដោយ៖ វណ្ណ សុជាតា