ប្រទេសកាណាដា ដាក់ចេញនូវច្បាប់អន្តោប្រវេសន៍ថ្មី ដើម្បីគាំទ្រជនភៀសខ្លួនពីប្រទេសស៊ូដង់
អូតាវ៉ា៖ រដ្ឋាភិបាលរបស់ប្រទេសកាណាដាកាលពីថ្ងៃទី២៤ ខែមេសា បាននិយាយថា ខ្លួននឹងដាក់ចេញនូវច្បាប់អន្តោប្រវេសន៍ថ្មីមួយដើម្បីគាំទ្រជនភៀសខ្លួនពីប្រទេសស៊ូដង់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកាណាដាជាបណ្តោះអាសន្ន ដោយសារស្ថានភាពនៅក្នុងប្រទេសកាន់តែអាក្រក់ទៅៗ។
ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក ប្រទេសស៊ូដង់កំពុងស្ថិតនៅក្នុងសមរភូមិប្រយុទ្ធគ្នាដ៏ធំមួយរវាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននិងក្រុមទាហានប៉ារ៉ា Rapid Support Forces ឬហៅកាត់ថា RSF។ ជាលទ្ធផល ការប្រយុទ្ធគ្នានេះបានបណ្តាលឱ្យមនុស្សរាប់រយអ្នកបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជាច្រើនត្រូវបានបំផ្លាញ និងបានកែប្រែតំបន់លំនៅដ្នានប្រជាជនឱ្យទៅជាតំបន់សង្គ្រាម។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលកាណាដាបានឱ្យដឹងថា វិធានការថ្មីនេះនឹងចាប់ផ្តើមអនុវត្ត បន្ទាប់ពីត្រូវបានប្រកាសដោយរដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដាលោក Sean Fraser ដោយអនុញ្ញាតឱ្យជនជាតិស៊ូដង់ស្នើសុំការស្នាក់អាស្រ័យជាបណ្តោះអាសន្ន ក៏ដូចជានឹងទទួលបានសិទ្ធិក្នុងការសិក្សា ធ្វើការ ឬទៅលេងក្រុមគ្រួសារដោយមិនចាំបាច់បង់ថ្លៃសេវាធ្វើដំណើរ។
ម្យ៉ាងវិញទៀត សម្រាប់ជនជាតិកាណាដា ដែលកំពុងស្ថិតនៅក្នុងប្រទេសស៊ូដង់ ឬចូលជាសញ្ជាតិជាប្រជាជនស៊ូដង់ រដ្ឋាភិបាលបានលើកឡើងថា ពួកគេទទួលបានអាទិភាពជាធំដោយមិនចាំបាច់ស្នើសុំដាក់ពាក្យត្រឡប់ទៅផ្ទះវិញនោះឡើយ។ មន្រ្តីនៃប្រទេសកាណាដាក៏បានបន្ថែមទៀតផងដែរថា ខ្លួននឹងលើកលែងថ្លៃលិខិតឆ្លងដែន និងថ្លៃឯកសារធ្វើដំណើរអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋ និងអ្នករស់នៅអចិន្ត្រៃយ៍នៃប្រទេសកាណាដាក្នុងប្រទេសស៊ូដង់ ដែលមានបំណងចង់ចាកចេញ។
សូមបញ្ជាក់ឱ្យដឹងផងដែរថា កាលពីថ្ងៃចន្ទនេះសហរដ្ឋអាមេរិកបាននិយាយថា ក្រុមទាហានដែលកំពុងធ្វើសង្គ្រាមនៅក្នុងប្រទេសស៊ូដង់ មិនយល់ព្រមគោរពតាមសេចក្តីព្រមព្រៀងឈប់បាញ់រយៈពេល ៧២ ម៉ោងនោះទេ ខណៈពេលដែលប្រទេសលោកខាងលិច អារ៉ាប់ និងអាស៊ីកំពុងនាំគ្នាសម្រុកជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីនោះ។
ជាមួយគ្នានោះដែរ ប្រទេសកាណាដានឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នក្នុងប្រទេសស៊ូដង់ ហើយសម្រាប់អ្នកការទូតនឹងត្រូវបំពេញការងារជាធម្មតា នៅក្នុងទីតាំងណាមួយដែលមានសុវត្ថិភាពខាងក្រៅប្រទេស៕ ប្រែសម្រួល៖ ឡេង អារីតា