រដ្ឋបាលខេត្តព្រះសីហនុកំណត់រយៈពេលប្រាំពីរថ្ងៃ ឱ្យរុះរើសំណង់ដែលសាងសង់នៅតាមបណ្តោយផ្លូវលេខ ៧០១-៩
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានតម្រូវឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់រំលោភលើដីចំណីផ្លូវនៅតាមបណ្តោយផ្លូវលេខ៧០១-៩និងបណ្តាផ្លូវមានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវរៀបចំរុះរើទីតាំងរបស់ខ្លួនយ៉ាងយូរក្នុងរយៈពេលប្រាំពីរថ្ងៃ ដោយក្រុមការងារនឹងចុះសិក្សាផលប៉ះពាល់ និងវាស់វែងបាញ់ថ្នាំកំណត់។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចុះហត្ថលេខាដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២១ ខែមេសា និងត្រូវបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៤ ខែមេសា បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងចាប់ផ្តើមជួសជុលពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកភ្លៀងនៅទីតាំងផ្លូវទាំងនេះ ស្របទៅតាមប្លង់គោល និងបទដ្ឋានបច្ចេកទេសនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត ឆ្នាំ២០២៣។
ឯកឧត្តម គួច ចំរើន បានលើកឡើងថា ៖ «ដោយពិនិត្យឃើញថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតាមបណ្ដោយផ្លូវនេះបានសាងសង់ផ្ទះ តូប សំយ៉ាបផ្ទះ របង រំលោភ ដីចំណីផ្លូវសាធារណៈរបស់រដ្ឋដែលបានកំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាពេលកន្លងមក»។
ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយខ្សែផ្លូវលេខ ៧០១-៩ និងបណ្តាផ្លូវមានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបានរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ត្រូវរៀបចំរុះរើទីតាំងរបស់ខ្លួនដែលរងផលប៉ះពាល់ស្របតាមប្លង់គោលដែលបាន កំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏តម្រូវឱ្យលោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធត្រូវសហការចូលរួមរៀបចំខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត ខ្សែបណ្តាញអ៊ិនធឺណិត និងខ្សែកាបអុបទិកក្រោមដី ដោយជូនដំណឹងដល់ដៃគូរអភិវឌ្ឍន៍របស់ខ្លួនបានជ្រាប និងចូលរួមសហការ ដើម្បីឱ្យមន្ត្រីជំនាញចុះពិនិត្យ និងកំណត់ផលប៉ះពាល់ជាមួយនឹងគម្រោងនេះ។
លោកស្រី ជៀប សុធារី មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បានឱ្យដឹងយ៉ាងខ្លីថា លោកស្រី មិនទាន់ទទួលបានព័ត៌មានពីគម្រោងអភិវឌ្ឍន៍របស់ខេត្តនៅឡើយទេ តែយ៉ាងណាលោកស្រី នឹងចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងពីផលប៉ះពាល់ដល់ពលរដ្ឋពីគម្រោងមួយនេះ។
ជាមួយគ្នានេះដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងឱ្យដឹងដែរថា រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងនេះ ក្នុងគោលដៅសំខាន់គឺ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានជ្រាបពីរដ្ឋបាលខេត្តមានគម្រោងស្ថាបនាផ្លូវនេះ និងបានកំណត់អក្សរកណ្តាលរួចហើយដែរ ប៉ុន្តែ ចំនួនគ្រួសារដែលរងផលប៉ះពាល់ពីគម្រោងនេះ មិនទាន់ដឹងនៅឡើយទេ។
លោកបានប្រាប់ថា ៖ «យើងនឹងដឹងពីចំនួនពលរដ្ឋប៉ុន្មានគ្រួសារដែលរងផលប៉ះពាល់ពីគម្រោងនេះនៅពេលដែលក្រុមការងារចុះទៅកំណត់អក្សរឆ្វេង និងអក្សរស្តាំ សងខាងផ្លូវនាពេលខាងមុខនេះ»៕ ដោយ៖ គឹម យុត្ថារ៉ូ
